ព័ត៌មានទាន់ហេតុការណ៍៖

WHO ស្នើដល់ប្រទេសចិនសហការស្រាវជ្រាវប្រភពកូវីដ-១៩ ដំណាក់កាលទីពីរនៅប្រទេសចិន

ចែករំលែក៖

ប្រមុខដឹកនាំអង្គការសុខភាពពិភពលោក WHO កាលពីថ្ងៃទី ១២ ខែមិថុនា បានអំពាវនាវឲ្យប្រទេសចិនសហការស្រាវជ្រាវប្រភពកូវីដ-១៩ ជាលើកទីពីរ ក្រោយកិច្ចប្រជុំ G7 (មានប្រទេស អង់គ្លេស កាណាដា អាមេរិក អាល្លឺម៉ង់ ជប៉ុន បារាំង និងអុីតាលី) ដោយប្រទេសទាំងនោះបានស្នើបើកការស្រាវជ្រាវពីប្រភពកូវីដ-១៩ ។

មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន អគ្គនាយកWHO លោក Tedros Adhanom Ghebreyesusបានបញ្ជាក់ថា លោកសង្ឃឹមថានឹងមានកិច្ចសហប្រតិបត្តិការល្អជាងនេះនិងមានតម្លាភាព ក្នុងការស្រាវជ្រាវប្រភពកូវីដ-១៩ ជាលើកទីពីរ។

លោក Tedros Adhanom បានលើកឡើងថា «យើងត្រូវការកិច្ចសហប្រតិបត្តិការពីភាគីចិន ប្រកបដោយតម្លាភាព ឬចែករំលែក ព័ត៌មានពាក់ព័ន្ធប្រភពកូវីដ-១៩»។
លោក Tedros Adhanom បន្តទៀតថានៅពេលនេះយើង បានត្រៀមលក្ខណៈដើម្បីបើកការស្រាវជ្រាវ ហើយការស្រាវជ្រាវលើកនេះគឺពាក់ព័ន្ធទ្រិស្តីវីរុសបែកធ្លាយចេញពីមន្ទីរពិសោធន៍ របស់ចិន ដែលប្រទេសជាច្រើន បានចោទប្រកាន់។
ប្រធានាធិបតីអាមេរិក លោកបៃឌិនបានស្នើបើកការស្រាវជ្រាវពីប្រភពកូវីដ-១៩ ។ ក្រុមចារកិច្ចអាមេរិក លើកឡើងពី ទ្រឹស្តី នៃការឆ្លងរាលដាលកូវីដ-១៩ ក្នុងនោះមានមនុស្សប៉ះជាមួយសត្វមានវីរុស និងមួយទៀតគឺវីរុសបែកធ្លាយចេញពីមន្ទីរពិសោធន៍ ។
ជាមួយគ្នានេះដែរ ប្រមុខដឹកនាំរបស់អង្គការសុខភាពពិភពលោក ស្នើដល់បណ្តាប្រទេស អ្នកមានចែករំលែកវ៉ាក់សាំងដល់ប្រទេសក្រីក្រ ។ ប្រទេស G7 បានសន្យាចែករំលែកវ៉ាក់សាំង ចំនួន១ពាន់លានដូស ៕ដោយ៖ ធីរីណា

រូបភាព៖Reuters 


ចែករំលែក៖