ខេត្តបន្ទាយមានជ័យ៖ ពលករខ្មែរម្នាក់រងរបួសធ្ងន់ធ្លាក់ពីលើផ្ទះថ្មកម្ពស់៣ជាន់នៅប្រទេសថៃ បន្ទាប់មកបានស្លាប់វេលាម៉ោង៥និង១៥នាទីព្រឹកថ្ងៃទី១៣ខែមិថុនា ឆ្នាំ២០២១ ពេលបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ខេត្តបាត់ដំបង។
លោក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា៖សពជនរងគ្រោះឈ្មោះ ញិប ឃាន់ ភេទប្រុសអាយុ៣៧ឆ្នាំ នៅភូមិគោកចាស់ ឃុំណាំតៅ ស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ បានធ្វើចំណាកស្រុកទាំងគ្រួសារ ទៅធ្វើកម្មករសំណង់នៅប្រទេសថៃក្នុងឃុំមិនបូរី ខេត្តណងចក ។តាមការឲ្យដឹងពីក្រុមគ្រួសារបានឲ្យដឹងថា នៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃ១១ខែមិថុនា ឆ្នាំ២០២១ ជនរងគ្រោះកំពុងតែធ្វើការបានធ្លាក់ពីលើផ្ទះថ្មដែលកំពុងធ្វើកម្ពស់៣ជាន់ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយក៏បានដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យប្រទេសថៃ តែដោយសាររបួសធ្ងន់ធ្ងរពេកមិនអាចព្យាបាលបាន ក្រុមគ្រួសារបាននាំយកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន លុះវេលាម៉ោង៥និង១៥នាទីព្រឹកថ្ងៃទី១៣ខែមិថុនា ឆ្នាំ២០២១ ជនរងគ្រោះបានស្លាប់ ។
សពជនរងគ្រោះត្រូវបានក្រុមគ្រូពេទ្យស្រុកសំពៅលូនបានដឹកមកធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាននៃសពភូមិគោកចាស់ ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ចំពោះប្រពន្ធនិងកូនស្រីរបស់សពត្រូវបានអនុញាតឲ្យធ្វើចត្តាឡីស័កនៅនឹងផ្ទះតែម្តងផងដែរ៕
ដោយ ៖ វណ្ណា