ខេត្តបាត់ដំបង៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកមោងឫស្សី បានធ្វើការស្រាវជ្រាវ រហូតឈានទៅបង្រ្កាបករណី លួចដោយមានស្ថានទម្ងន់ទោស (លួចទ្រព្យសម្បត្តិ) របស់ប្រជាពលរដ្ឋ១ករណី នៅក្នុងមូលដ្ឋានឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១។
សមត្ថកិច្ច្ចនគរបាលព្រហ្មទណ្ឌស្រុកមោងឫស្សីបានឲ្យដឹងថាជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង ចូលមកសមត្ថកិច្ចនគរបាលស្រុក ពីករណីចោរកម្មចោរលួចម៉ូតូកង់៣ កាលពីថ្ងៃទី១១ ខែមិថុនា ដើម្បីឱ្យសមត្ថកិច្ចស្រាវជ្រាវ រកទ្រព្យសម្បត្តិមកឱ្យខ្លួនវិញ ។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងនេះភ្លាម សមត្ថកិច្ចបានធ្វើការស្រាវជ្រាវភ្លាមៗ។ រហូតដល់រសៀលថ្ងៃដដែល ទើបកំណត់បានពីមុខសញ្ញានេះ និងឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២ នាក់តែម្តង និងដកហូតបានម៉ូតូកង់បីប្រគល់ជូនម្ចាស់វិញ ។
ប្រភពដដែលបានឱ្យដឹងទៀតថា មុខសញ្ញាជាជនសង័្សយឈ្មោះ ដន សិលា ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅឃុំតាសាញ ស្រុកសំឡូត មកធ្វើជាកម្មករនៅក្នុងសិប្បកម្មមួយកន្លែង ក្នុងស្រុកមោងឫស្សី ។
តាមចម្លើយសារភាពរបស់ជនសង្ស័យរូបនេះថា នាពេលកន្លងទៅខ្លួនគេធ្លាប់លួចទ្រព្យសម្បត្តិរបស់ពលរដ្ឋ នៅក្រុងបាត់ដំបង មុនពេលដែលផ្លាស់ទៅធ្វើជាកម្មករនៅស្រុកមោងឫស្សី។ លុះនៅថ្ងៃកើតហេតុនេះខ្លួនគេបានកាត់សោច្រវាក់ចាក់ម៉ូតូហើយ លួចយកម៉ូតូកង់បីនេះបានសម្រេច។ ពេលលួចបាន ក៏ទំនាក់ទំនងជាមួយឈ្មោះ ពៅ ម៉ាប់ អាយុ ៤៦ឆ្នាំ រស់ នៅភូមិរំចេក ឃុំកកោះ ស្រុ កមោងឫស្សី ខេត្តបាត់ដំបង នាំយកម៉ូតូកង់បីនេះទៅលក់ ហើយក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតែម្តង ។
ជនសង្ស័យទាំង២នាក់នេះត្រូវបានសមត្ថកិច្ចនគរបាលស្រុក រៀបចំបញ្ជូនមកការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងទៅតុលាការ៕
ដោយ ៖ ប្រាថ្នា