ភ្នំពេញ៖ បើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃចន្ទទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ទំហំពាណិជ្ជកម្ម កម្ពុជា-កូរ៉េ សម្រេចបានសរុបចំនួន ជាង៣០២លានដុល្លារ កើនឡើង២.៦៦% រយៈពេល៥ខែ ពោលគិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២១នេះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០កន្លងទៅ។
ជាក់ស្ដែងនៅក្នុងទិន្ន័យរបស់ក្រសួង បានបញ្ជាក់បន្ថែមថា កម្ពុជារយៈពេល៥ខែ ដើមឆ្នាំ២០២១នេះ បាននាំចេញទៅកូរ៉េ ក្នុងទំហំទឹកប្រាក់ជាង៧៥លានដុល្លារ ខណៈការនាំចូលពីកូរ៉េវិញ ក្នុងទំហំទឹកប្រាក់ជាង២២៦លានដុល្លារ។
សូមជម្រាបថា ទំនិញដែលកម្ពុជា នាំចេញទៅកូរ៉េ មានដូចជា៖ សំលៀកបំពាក់ គ្រឿងអេឡិកត្រូនិក ស្បែកជើង ភេសជ្ជៈ កាបូប កៅស៊ូ ឱសថ និងក្រដាសកាតុង ជាដើម -ល-។ ខណៈទំនិញដែលកម្ពុជា នាំចូលពីកូរ៉េច្រើនបំផុតមាន ដូចជា៖ ក្រណាត់ត្បាញ រថយន្តដឹកទំនិញ ភេសជ្ជៈ គ្រឿងអេឡិកត្រូនិក គ្រឿងម៉ាស៊ីន វត្ថុតុបតែងលម្អផ្ទះ ឱសថ សាប៊ូ និងផលិតផលប្លាស្ទិក ជាដើម -ល-។
គួររម្លឹកថា កម្ពុជា-កូរ៉េ កាលពីពេលថ្មីៗនេះ បានប្រកាសបិទបញ្ចប់ជាផ្លូវការ នូវកិច្ចចរចាព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ (FTA) ក្រោមការចូលរួមពី រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ និងភាគីកូរ៉េខាងត្បូង ដឹកនាំដោយលោកស្រី យូ ម្យូងហ៊ី (Yoo Myung-Hee) រដ្ឋមន្រ្ដីពាណិជ្ជកម្មកូរ៉េខាងត្បូង។
ក្រោយពីការប្រកាសបញ្ចប់ ការចរចាជាផ្លូវការ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ប្រទេសទាំងពីរ នឹងអនុវត្តនីតិវិធីក្នុងស្រុក សម្រាប់ចុះហត្ថលេខា លើកិច្ចព្រមព្រៀងទ្វេភាគីនេះ នៅពេលខាងមុខ។
គួរបញ្ជាក់ថា ចំពោះការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ មានគោលបំណងពង្រឹងភាព ជាដៃគូសេដ្ឋកិច្ច និងពង្រីកការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មទ្វេភាគី ឲ្យកាន់តែទំលំទូលាយ ដោយផ្ដល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក សំដៅបង្កើនផលប្រយោជន៍សេដ្ឋកិច្ច និងសុខមាលភាព ប្រជាជន និងធុរកិច្ចនៃប្រទេសទាំង២។
ដោយឡែកកិច្ចព្រមព្រៀងនេះដែរ នឹងលើកកម្ពស់ ការនាំចេញរបស់កម្ពុជា ទៅកាន់សាធារណរដ្ឋកូរ៉េបន្ថែមទៀត លើទំនិញដែលធ្លាប់នាំចេញ នាពេលកន្លងមក មានដូចជា៖ ផលិតផលសម្លៀកបំពាក់ និងវាយនភណ្ឌ ស្បែកជើង កាបូប គ្រឿងបន្លាស់ ឧបករណ៍អេឡិចត្រូនិក កៅស៊ូ និងផលិតផលកសិកម្មជាដើម។
ចំណែកសម្រាប់សាធារណរដ្ឋកូរ៉េ ក៏អាចជួយលើកកម្ពស់ ការនាំចេញរបស់ខ្លួនបន្ថែមទៀត មកកាន់ប្រទេសកម្ពុជា រួមមាន៖ យានយន្ត គ្រឿងអេឡិចត្រូនិក សម្ភារៈអគ្គិសនី ភេសជ្ជៈ ឱសថ និងផលិតផលផ្លាស្ទិក។
គួរជម្រាបថា ទំហំពាណិជ្ជកម្ម កម្ពុជា-កូរ៉េ រយៈពេលពេញមួយឆ្នាំ២០២០កន្លងទៅ សម្រេចបានសរុបចំនួន ៧២៩.១៣លានដុល្លារអាមេរិក កើនឡើង១៧.៣១ភាគរយ បើបៀបធៀបនឹងឆ្នាំ២០១៩ មានចំនួន៨៨១.៧៦លានដុល្លារ៕ដោយ៖សហការី