ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់លួចម៉ូតូបានសម្រេច​ តែជាប់ខ្នោះសមត្ថកិច្ចខណ្ឌច្បារអំពៅ​

ចែករំលែក៖

ភ្នំពេញ​ ៖​ កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាល​និរោធ​ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ​ បានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួច (ម៉ូតូ) នៅវេលាម៉ោង០៧និង០០នាទី​ ថ្ងៃទី ១៤​ ខែមិថុនា​ ឆ្នាំ​២០២១​ ត្រង់ចំណុចមុខផ្ទះលេខ២៥២ ផ្លូវ ៣៥១ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ​ ។ 

    លោកវរសេនីយ៍ឯក​ ម៉ៅ​ សឿត​ អធិការនគរបាលខណ្ឌច្បារអំពៅ​ បានឲ្យដឹងថា​ ជនរងគ្រោះឈ្មោះ យ៉ិច យ៉ាន់ដា ភេទ ប្រុស អាយុ ៣៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះកើតហេតុ។​ ចំណែកជនសង្ស័យឈ្មោះ ជឿង ទឹង ភេទ ប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលគ្មានលេខ  ផ្លូវ លំ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

    លោកអធិការខណ្ឌច្បារអំពៅ​ បានឲ្យដឹងទៀតថា​ ៖ មុនពេលកើតហេតុជនរងគ្រោះទុកម៉ូតូ១គ្រឿង ម៉ាក Honda Wave ពណ៌ខ្មៅ ស្លាកលេខ ១BX-៤៧៤១ នៅចំណុចកើតហេតុ ដោយទុកកូនសោជាប់នឹងម៉ូតូ រួចក៏ចូលក្នុងផ្ទះ ស្រាប់តែជនសង្ស័យដើរមកដល់ធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះជិះគេចខ្លួន ពេលនោះជនរងគ្រោះឃើញស្រែកចោរៗ ក៏មានសមត្ថកិច្ចល្បាតជួយឃាត់ខ្លួនជនសង្ស័យ និងដកហូតវត្ថុតាងម៉ូតូ០១គ្រឿងម៉ាកខាងលើ (ជារបស់ជនរងគ្រោះ) និងដែកកែច្នៃចុងស្រួចសម្រាប់កាច់សោ.កម៉ូតូចំនួន០១ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់​ ខណៈដែលជនសង្ស័យរូបនេះក៏ប្រើប្រាស់គ្រឿងញៀនផងដែរ​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖