ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីមន្ទីរសុខាភិបាលខេត្តស្វាយរៀងបាននាំយកគ្រឿងឧបភោគបរិភោគឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កក្នុងសង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង

ចែករំលែក៖

     ខេត្តស្វាយរៀង៖ គ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួនត្រូវបានលោក ណាន ចាន់មករា មន្ត្រីមន្ទីរសុខាភិបាលខេត្តនិងលោកស្រីជាភរិយាបានយកមកឧបត្ថម្ភជូនគ្រួសារប្រជាពលរដ្ឋដែលមានការខ្វះខាតស្បៀងពេលកំពុងធ្វើចត្តាឡីស័កមួយគ្រួសារក្នុងដំណាក់កាលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍នៅសង្កាត់ព្រៃឆ្លាក់ក្រុងស្វាយរៀង។

  ការផ្ដល់គ្រឿងឧបភោគបរិភោគនាពេលនេះដែរក៏មានការចូលរួមពីសំណាក់លោកហ៊ុន សាវ៉ាន់ ចៅសង្កាត់ព្រៃឆ្លាក់និងអស់លោកលោកស្រីជាសមាជិកសមាជិកាក្រុមប្រឹក្សាសង្កាត់ជាច្រើនរូបផងដែរកាលពីរសៀលថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២១នេះ។

  លោកហ៊ុន សាវ៉ាន់ ចៅសង្កាត់ព្រៃឆ្លាក់បានឱ្យដឹងថា នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈក្នុងសង្កាត់ព្រៃឆ្លាក់សរុបរហូតមកដល់ពេលនេះគឺមានអ្នកអ្នកវិជ្ជមានជំងឺកូវីដ-១៩សរុប១៨នាក់ហើយជាសះស្បើយ៨នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន១០នាក់ផងដែរ។

  ក្នុងឱកាសនោះលោកណាន ចាន់មករា ក៏បានសំណូមពរដល់​អាជ្ញាធរសង្កាត់និងមន្ដ្រីពាក់ព័ន្ធទាំងអស់បន្ដយកចិត្តទុកដាក់ពិនិត្យ និងតាមដានជាប្រចាំចំពោះ​បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កដែលបានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ដើម្បីឲ្យរួមគ្នាបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់នៅក្នុងសង្កាត់ព្រៃឆ្លាក់របស់យើងផងដែរ។

  លោកក៏បានសំណូមពរដល់លោកសោម ធឿន មានអាយុ៦៣ឆ្នាំដែលកំពុងធ្វើចត្តាឡីស័កនៅភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀងនាពេលនេះ ចូលរួម​ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តតាមវិធានការណែនាំ ៣កុំ ៣ការពារ ឱ្យជាប់ជានិច្ចតាមអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងតាមវិធានក្រសួងសុខាភិបាល។

  សូមបញ្ជាក់ថា អំណោយជាគ្រឿងឧបភោគបរិភោគដែលផ្ដល់ជូនគ្រួសារកំពុងធ្វើចត្តាឡីស័កក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍នោះមានដូចជា អង្ករ៥០គីឡូក្រាម ត្រីខមួយយួរ មីមួយកេស ទឹកត្រីមួយយួរ ទឹកស៊ីអុីវមួយយួរ និងថវិកាចំនួន១០ម៉ឺនរៀល។

  ក្នុងឱកាសនោះដែរលោកអ៊ំ សោមធឿន ដែលបានជាប់ធ្វើចត្តាឡីស័កអស់រយៈពេល៦ថ្ងៃមកហើយនេះមានចិត្តត្រេកអរនិងបានថ្លែងអំណរគុណចំពោះលោកណាន ចាន់មករានិងលោកស្រី ដែលបានផ្ដល់អំណោយគ្រឿងឧបភោគបរិភោគដល់រូបគាត់នាថ្ងៃនេះនិងសូមបានប្រកបដោយពុទ្ធពរទាំង៤ប្រការចំពោះម្ចាស់ទានកុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖