លោកស្រី Htar Htar Lin អតីតអគ្គនាយកកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ របស់ប្រទេសមីយ៉ាន់ម៉ាត្រូវបានយោធាចាប់ខ្លួន ដោយចោទប្រកាន់ពីបទក្បត់ជាតិ ដោយសារតែបានចូលរួមធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលយោធា។
តាមសារព័ត៌មាន Irrawaddy បានផ្សាយថា លោកស្រី Htar Htar Lin ត្រូវបានចាប់ខ្លួនតាំងពីថ្ងៃទី១០ខែមិថុនា ហើយស្វាមីនិងកូនពីរនាក់របស់លោកស្រីក៏ត្រូវបានចាប់ខ្លួនផងដែរ។
លោកស្រី Htar Htar Lin ត្រូវបានយោធាចោទប្រកាន់ថា បានដឹកនាំក្រុមបាតុករប្រឆាំងរដ្ឋាភិបាលយោធា ។ លោកស្រីរងការចោទប្រកាន់ជាប់ពាក់ព័ន្ធ រដ្ឋាភិបាលសាមគ្គីជាតិ NUG (រដ្ឋាភិបាលស្រមោល) ដែលយោធាមីយ៉ាន់ម៉ាចាត់ទុកថាជាក្រុមភេរវកម្ម។
សារព័ត៌មាន Global New Light របស់រដ្ឋាភិបាលយោធា បានផ្សាយថា «តាមសម្តីសារភាព លោកស្រី Htar មិនត្រឹមតែចូលរួមជាមួយក្រុម CDMប៉ុណ្ណោះទេ គឺលោកស្រីបានបង្កើតក្រុមកៀរគរគ្រូពេទ្យនិងបុគ្គលិកសុខាភិបាលប្រឆាំងនឹងយោធា ។ ជាមួយគ្នានេះដែរក្រៅពីលោកស្រីHtar នៅមានគ្រូពេទ្យ ១១រូបផ្សេងទៀត ក៏ទទួលរងការចោទប្រកាន់ថាក្បត់ជាតិ ញុះញង់ឱ្យមានសកម្មភាពប្រឆាំងរដ្ឋាភិបាល។ មកទល់ពេលនេះ មានគ្រូពេទ្យ៥១នាក់ហើយនៅមីយ៉ាន់ម៉ាត្រូវបានយោធាចាប់ខ្លួន៕
ដោយ៖ ធីរីណា(Zingnews+TG+Twitter)