ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យចុះធ្វេីការបិទហាងខារ៉ាអូខេ មួយកន្លែងយីហោផាត ធី នៅតាមបណ្តោយផ្លូវបេតុង ភូមិប៉ប្រកត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឃាត់មនុស្សជាច្រេីននាក់យកទៅធ្វេីចត្តាឡីស័ក កាលពីវេលាម៉ោង២០និង២០នាទីយប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ក្រោយពីបានបេីកទទួលភ្ញៀវចូលច្រៀងលេងយ៉ាងសប្បាយដោយផ្គេីននិងសេចក្តីណែនាំរបស់រដ្ឋបាលរាជធានី ភ្នំពេញមិនខ្លាចការឆ្លងជំងឺកូវីដ-១៩ ។
ជាថ្មីៗនេះរដ្ឋបាលរាជធានីភ្នំពេញបានសម្រេចអនុញាតឱ្យបេីកដំណេីរការអាជីវកម្មឡេីងវិញ តែដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ពាក់ម៉ាស់ វាស់កម្តៅ រក្សាគម្លាត ជាពិសេសប្រកាន់ភ្ជាប់ជានិច្ចនូវវិធានការ បីការពារ បីកុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
នៅវេលាកេីតហេតុក៏មានបងប្អូនប្រជាពលរដ្ឋបានរាយការណ៍សម្ងាត់ថាទីតាំងហាងខារ៉ាអូខេ យីហោ ផាតធី ខាងលេីលួចបេីកទទួលភ្ញៀវជាច្រេីនចូលច្រៀងលេងយ៉ាងសប្បាយដោយមិនរក្សាគម្រាត មិនខ្លាចការឆ្លងជំងឺកូវីដ-១៩ និងផ្គេីនសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ទេីបកម្លាំងគណៈបញ្ជាការឯកភាពចុះបង្ក្រាបបិទហាងជាបណ្ណោះអាសន្ន។
សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងប្រតិបត្តិការខាងលេីនេះកម្លាំងសមត្ថកិច្ចធ្វេីការឃាត់ខ្លួនមនុស្សចំនួន៣២នាក់ ក្នុងនោះនារី១៦នាក់ នាំយកទៅធ្វេីចក្តាឡីស័កនៅស្នងការរាជធានីភ្នំពេញ៕
ដោយ ៖ សុខាសែនជ័យ