ភ្នំពេញ៖ ដំណឹងដ៏សែនសោកស្តាយជាពន់ពេក គឺទេវនាថនិម្មិត ឯម ធាយ ព្រឹទ្ធាចារ្យរបាំព្រះរាជទ្រព្យនិងជាមរតកមនុស្សរស់ចុងក្រោយនៃសិល្បៈបុរាណដ៏មហាអស្ចារ្យនេះ បានទទួលមរណភាពហើយ កាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០២១នេះ ។ នេះបើតាមការអះអាងរបស់សាច់ញាតិ គឺសិល្បការិនី ណម ណារ៉េន ជាចៅទួតរបស់លោកយាយដែលបានបញ្ចេញសារនៅលើបណ្តាញសង្គម។
សិល្បការិនីរូបនេះបានបញ្ចេញសំណេរនៅលើបណ្តាញសង្គមថា “សម្រាន្តឱ្យលក់ស្រួលណាម៉ាក់ទួតណា ម៉ាក់ទួតលែងហត់ហើយ” ។មរណភាពរបស់លោកយាយនៅក្នុងជន្មាយុប្រមាណជា ៨៩ឆ្នាំ ដោយជំងឺរលាកតម្រងនោម និងជំងឺខ្វះគ្រាប់ឈាមក្រហម។ ព្រឹទ្ធាចារ្យទេវនិម្មិតត្រូវបានគេដឹងថា គឺជាអតីតនាដការីនិងជាគ្រូបង្ហាត់របាំមួយរូបនៅក្នុងព្រះបរមរាជវាំង ដូចជាម្តាយរបស់លោកយាយដែរ ហើយតាំងពីប្រសូតមក
រហូតដល់ពេញវ័យមានគ្រួសារ លោកយាយនៅតែក្នុងវាំងប៉ុណ្ណោះ។ រហូតមកដល់របប លន់ នល់ លោកយាយនៅតែត្រូវបានគេអនុញ្ញាតឲ្យរស់នៅក្នុងវាំង និងបន្តបង្ហាត់របាំដដែល។ ក៏ប៉ុន្តែនៅខែមេសា ឆ្នាំ១៩៧៥ ជីវិតរបស់លោកយាយបានផ្លាស់ប្តូរទាំងស្រុង។ បន្ទាប់ពីការដួលរលំនៃរបបកម្ពុជាប្រជាធិបតេយ្យរបស់ខ្មែរក្រហម លោកយាយ ឯម ធាយ បានធ្វើដំណើរត្រឡប់មកភ្នំពេញ ហើយបានបន្តអាជីពជាគ្រូបង្ហាត់របាំព្រះរាជទ្រព្យបានជួយឲ្យរបាំនេះរស់រានមានជីវិតឡើងវិញ ជាមួយនឹងសិល្បករ៧រូបទៀត ដែលបានរួចជីវិតពីរបបខ្មែរក្រហម ។លោកយាយអាចសម្តែងជាតួអង្គផ្សេងៗជាច្រើន ប៉ុន្តែលោកយាយភាគច្រើនសម្តែងពិសេសជាតួអង្គយក្ស។ លោកយាយត្រូវបានប្រព័ន្ធផ្សព្វផ្សាយក្នុងនិងក្រៅប្រទេសជាច្រើនបានធ្វើបទសម្ភាសន៍និងអញ្ជើញឱ្យសម្តែងនៅតាមប៉ុស្តិ៍ទូរទស្សន៍នានាផងដែរ។ លោកយាយជាតួអង្គម្នាក់ដ៏សំខាន់នៅក្នុងរបាំក្បាច់បុរាណខ្មែរ៕
ដោយ ៖ វឌ្ឍនា