ព័ត៌មានទាន់ហេតុការណ៍៖

ឃ្លាំងស្តុកខោអាវគីម កំរាលព្រំ និងកន្ទេល របស់អាជីវករខ្មែរនៅផ្សារ(ផៃលីន)ផ្សាររ៉ុងក្លឿ ត្រូវបានអគ្គិភ័យឆាបឆេះ ទាំងស្រុង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ឃ្លាំងស្តុកទំនិញរបស់អាជីវករខ្មែរនៅផ្សាររ៉ុងក្លឿប្រទេថៃនៅវេលាម៉ោង២១៖០០នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ត្រូវបានអគ្គីសភ័យឆាបឆេះទាំងស្រុង ដែលស្ថិតនៅទល់មុខផ្សារBig-C នៅក្នុងភូមិដងងូ ឃុំប៉ារ៉ៃ ស្រុកអរញ្ញ ខេត្តស្រះកែវ ប្រទេសថៃ។
សមត្ថកិច្ចថៃបានឲ្យដឹងថា ឃ្លាំងដែលឆេះនេះ ជាឃ្លាំងដែលខ្មែរបានជួលទុកដាក់កំរាលព្រំ កន្ទេលធំ និងខោអាវគីម គឺឃ្លាំង K-៧២ និង K-៧៣។ សមត្ថកិច្ចថៃបញ្ជាក់ថា បើយោងតាមអ្នកយាមឃ្លាំងបានរៀបរាប់ប្រាប់ថា មុនកើតហេតុ មានការឆ្លងចរន្តអគ្គីសនីពីលើដំបូងឃ្លាំង និងមានផ្កាភ្លើងធ្លាក់មកលើឃ្លាំង ក៏មានអគ្គីភ័យឆាបឆេះតែម្តង ហើយក្នុងឃ្លាំងនោះផ្ទុករបស់សុទ្ធតែជាក្រណាត់ដែលបណ្តាលឲ្យមានការឆាបឆេះលឿនខ្លាំង ធ្វើឲ្យឃ្លាំងចំនួនពីរត្រូវខូចខាតទាំងស្រុងតែម្តង។
សមត្ថិច្ចថៃបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ នៅមិនទាន់អាចសន្និដ្ឋានបានទេ ថា អគ្គីភ័យនេះឆាបឆេះ ដោយមូលហេតុអ្វីពិតប្រាកដនៅឡើយ ដោយចាំមកពិនិត្យនៅព្រឹកនេះសិន។ តែបើយោងតាមពលរដ្ឋខ្មែរដែលនៅនឹងឃ្លាំងផ្ទាល់ សន្និដ្ឋានថា ទាំងសំបកឃ្លាំង និងសម្ភារដែលបានបំផ្លាញដោយអគ្គីភ័យនេះ អស់ទឹកប្រាក់សរុបប្រមាណមិនតិចជាង៥.០០០.០០០បាត (ប្រាំលានបាត)នោះទេ៕

ដោយ ៖ វណ្ណា


ចែករំលែក៖