ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់​ពាក់ព័ន្ធ​ករណីប៉ុនប៉ងលួច (ប្រើដែកជ្រុងចុងសំប៉ែតស្រួចកាច់សោ.កម៉ូតូ) ត្រូវនគរបាលខណ្ឌដង្កោ​ ឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ​ ៖​ កម្លាំងសមត្ថកិច្ច​ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ​បានជិះម៉ូតូល្បាតក្នុងភូមិសាស្ត្ររហូតមានការឃាត់ខ្លួនជនសង្ស័យ២នាក់​ពាក់ព័ន្ធ​ករណីប៉ុនប៉ងលួច (ប្រើដែកជ្រុងចុងសំប៉ែតស្រួចកាច់សោ.កម៉ូតូ) ។ ការឃាត់ខ្លួនជនសង្ស័យខាងលេីនេះបានធ្វេីឡេីងកាលពីវេលាម៉ោង១៦និង៤០នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចខាងមុខក្រុមហ៊ុនក្រឡុកស៊ីម៉ងត៍ ផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

 នគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ​បានឱ្យដឹងថា ជនសង្ស័យចំនួន០២នាក់ដែលឃាត់ខ្លួនបានរួមមាន​ ទី១-ឈ្មោះ អាន ផ្លូច ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ  និងទី២-ឈ្មោះ ស៊ិន សុខភាព ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (មានសារធាតុញៀន) ។ 

   ចំណែកវត្ថុតាងចាប់យករួមមាន​៖ ១-ដែកជ្រុងចុងសំប៉ែតស្រួចសម្រាប់កាច់សោ.កម៉ូតូចំនួន២, ២-សោខ្សៀលេខ៨ចំនួន២, ៣-បណ្ណសម្គាល់យានយន្តចំនួន៣សន្លឹក(ឈ្មោះ ជុំ រតនា ចំនួន១សន្លឹក, ឈ្មោះ វី សីលា ចំនួន ១សន្លឹក, ឈ្មោះ ឯម បុល ចំនួន១សន្លឹក), ៤-ស្លាកលេខម៉ូតូចំនួន៣ (លេខភ្នំពេញ1HT-0027ចំនួន១, លេខភ្នំពេញ1GD-2078 ចំនួន១, លេខភ្នំពេញ1IO-1256 ចំនួន១), ៥-វិទ្យុទាក់ទងម៉ាក Motorola GP300 ចំនួន១គ្រឿង, ៦-ម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ1HL-0625 មានលេខតួ និងលេខម៉ាស៊ីន5418516 ចំនួន១គ្រឿង, ៧-សម្ភារប្រើប្រាស់គ្រឿងញៀននិងសោដោះម៉ូតូមួយចំនួន។

    មន្ត្រីនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ​ បានឱ្យដឹងទៀតថា​  កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៦និង៤០នាទី កម្លាំងសមត្ថកិច្ចបានជិះម៉ូតូល្បាតក្នុងភូមិសាស្ត្រខណ្ឌដង្កោ ដល់ចំណុចផ្លូវចូលក្រុមហ៊ុនក្រឡុកស៊ីម៉ងត៍ ផ្លូវបេតុង៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញក៏បានឃើញជនសង្ស័យចំនួន២នាក់ខាងលើកំពុងជិះម៉ូតូ១គ្រឿងឌុបគ្នានៅលើផ្លូវ៥០ម៉ែត្រ។ ដោយមានការសង្ស័យ សមត្ថកិច្ចយើងក៏បានហៅឱ្យឈប់ធ្វើការសួរនាំ និងត្រួតពិនិត្យរកឃើញវត្ថុតាងប្រព្រឹត្តបទល្មើសមួយចំនួនមាន ១-ដែកជ្រុងចុងសំប៉ែតស្រួចសម្រាប់កាច់សោកម៉ូតូចំនួន២, ២-សោខ្សៀលេខ៨ចំនួន២នៅក្រោមកែបម៉ូតូរបស់ជនសង្ស័យ រួចសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ រួមនឹងវត្ថុតាងយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់។ 

បន្ទាប់មកសមត្ថកិច្ចបាននាំជនសង្ស័យឈ្មោះ អាន ផ្លូច ទៅឆែកបន្ទប់ជួលរបស់គេស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយក៏បានរកឃើញវត្ថុតាងពាក់ព័ន្ធបទល្មើសមួយចំនួនទៀតក្នុងនោះមាន ១-បណ្ណសម្គាល់យានយន្តចំនួន០៣សន្លឹក (ឈ្មោះ ជុំ រតនា ចំនួន០១សន្លឹក, ឈ្មោះ វី សីលា ចំនួន ០១សន្លឹក, ឈ្មោះ ឯម បុល ចំនួន០១សន្លឹក), ២-ស្លាកលេខម៉ូតូចំនួន០៣ (លេខភ្នំពេញ1HT-0027ចំនួន០១, លេខភ្នំពេញ1GD-2078ចំនួន០១, លេខភ្នំពេញ1IO-1256 ចំនួន០១), ៣-វិទ្យុទាក់ទងម៉ាក Motorola GP300 ចំនួន០១គ្រឿង, ៤-សម្ភារប្រើប្រាស់គ្រឿងញៀន និងសោដោះម៉ូតូមួយចំនួន យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់តែម្ដង​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖