ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យស្រវឹងស្រាបើករថយន្តកៀរថយន្តគេមួយគ្រឿងទៀតរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំងបានបើករថយន្តក្នុងល្បឿនលឿនជ្រុលទៅកៀរនឹងរថយន្តឡិចសុីស RX330មួយគ្រឿងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាក ឡិចសុី RX330 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AY.2628បើកបរដោយបុរសម្នាក់និងអ្នករួមដំណើរជាក្រុមគ្រួសារដែលធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់ត្រង់ចំណុចកើតហេតុដោយសារផ្លូវកំពុងជួសជុល ហើយផ្លូវតូចចង្អៀតផងទៀតនោះស្រាប់តែមានរថយន្តដឹកទឹកកកមួយគ្រឿងម៉ាកKIAពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3C.7093បើកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រាធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនបានរេចង្កូតទៅឆ្វេងកៀរនឹងរថយន្តឡិចសុីស RX330នោះបណ្តាលឲ្យរថយន្តរងការខូចខាតទាំងសងខាងយ៉ាងដំណំ។

ចំណែកអ្នកធ្វើដំណើរតាមរថយន្តឡិចសុីស RX330បានរងរបួសស្រាល។ ដោយឡែកតែអ្នកបើកបររថយន្តដឹកទឹកកកត្រូវបានសមត្ថកិច្ចនាំយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោមដើម្បីសួរនាំបន្ត។

ក្រោយកើតហេតុភ្លាមសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕

ដោយ ៖ និន សុភ័ស្ត


ចែករំលែក៖