ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសាធារណការ និងអគ្គស្នងការនគរបាលជាតិ កំពុងពន្លឿនការរៀបចំនីតិវិធីអនុវត្តការកាត់ពិន្ទុលើបណ្ណបើកបរតាមរយៈកម្មវិធីនៅលើទូរស័ព្ទដៃស្មាតហ្វូន

ចែករំលែក៖

ភ្នំពេញ​៖​ ដើម្បីពង្រឹងការអនុវត្តច្បាប់ចររាចរណ៍ផ្លូវគោកនៅប្រទេសកម្ពុជា​ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក(គ.ស.ច.គ) នៅថ្ងៃអង្គារ ៦កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នៅទីស្តីការក្រសួង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំនីតិវិធីអនុវត្តការកាត់ពិន្ទុលើបណ្ណបើកបរ ដោយមានការចូលរួមពីនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាអនុប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញបច្ចេកទេសក្រោមឱវាទក្រសួងផងដែរ។

សូមជម្រាបជូនថា៖ នីតិវិធីនៃការកាត់ពិន្ទុបណ្ណបើកបរនឹងត្រូវធ្វើឡើង តាមរយៈកម្មវិធីនៅលើទូរស័ព្ទដៃស្មាតហ្វូន ដែលអនុញ្ញាតឱ្យសមត្ថកិច្ចនគរបាលចរាចរណ៍ធ្វើការដកពិន្ទុបណ្ណបើកបរដោយស្វ័យប្រវត្តិ និងជូនដំណឹងទៅកាន់ស្ថាប័នចេញបណ្ណបើកបរ និងម្ចាស់បណ្ណដែលប្រព្រឹត្តខុសនឹងច្បាប់ចរាចរណ៍ ផ្លូវគោក។

បច្ចុប្បន្ន ក្រុមការងារជំនាញនៃនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងអភិវឌ្ឍប្រព័ន្ធព័ត៌មានវិទ្យាមួយនេះឡើង។ កម្មវិធីនេះអាចចាប់យករូបភាពយានយន្តដែលបើកបរល្មើសនឹងច្បាប់ ដោយការស្កេនលើបណ្ណបើកបរដើម្បីកាត់បន្ថយពិន្ទុចំពោះអ្នកបើកបរយានយន្តខុសច្បាប់ ទៅតាមស្ថាននៃបទល្មើសដូចជា៖ មិនពាក់ខ្សែក្រវាត់សុវត្ថិភាព បើកបរលើសល្បឿនកំណត់ បើកបរក្នុងស្ថានភាពស្រវឹង ផ្ទុកមនុស្សលើសកំណត់ ឬល្មើសភ្លើងសញ្ញា ជាដើម។

គួរកត់សម្គាល់ផងដែរថា៖ យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកបានកំណត់ឱ្យគ្រប់បណ្ណបើកបរត្រូវមាន ពិន្ទុសរុប១២ពិន្ទុ ហើយចំនួនពិន្ទុនេះ ត្រូវកាត់បន្ថយទៅតាមស្ថាននៃការប្រព្រឹត្តបទល្មើសចរាចរណ៍ ចាប់ពី១ពិន្ទុដល់៦ពិន្ទុ ហើយក្នុងករណីអស់ពិន្ទុ គឺបណ្ណបើកបរត្រូវទុកជាមោឃៈ បើអ្នកបើកបរចង់ បានបណ្ណ បើកបរថ្មី ត្រូវរៀននិងប្រឡងយកបណ្ណបើកបរឡើងវិញក្នុងរយៈពេលយ៉ាងតិច៦ខែ គិតចាប់ ពីថ្ងៃដែល បណ្ណបើកបរត្រូវទុកជាមោឃៈ។

ថ្លែងទៅកាន់កិច្ចប្រជុំនាឱកាសនេះ លោកទេសរដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តឱ្យអង្គប្រជុំពិភាក្សា ផ្លាស់ប្ដូរយោបល់ ផ្ដល់ធាតុចូលសំខាន់ៗ ដើម្បីកែសម្រួលនីតិវិធីអនុវត្តការកាត់ពិន្ទុលើបណ្ណបើកបរនេះ កាន់តែប្រសើរឡើង ដើម្បីឈានដល់ការធ្វើបទបង្ហាញជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក មុននឹងសម្រេចឈានទៅអនុវត្តជាក់ស្តែង។

បន្ថែមពីលើនេះ លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន​ បានប្តេជ្ញាត្រៀមសហការ និងចូលរួមជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ត្រីជំនាញបច្ចេកទេស ដើម្បីអនុវត្តគំនិតផ្តួចផ្តើមនេះឱ្យ បានជោគជ័យក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបានសម្តែងនូវការកោតសរសើរ និងគាំទ្រដោយ ស្មោះចំពោះគំនិតផ្តួចផ្តើមនេះ ដែលជាការឆ្លុះបញ្ចាំងនូវមោទនភាពរបស់ជាតិយ៉ាងពិតប្រាកដ។ជាមួយគ្នានេះ លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត បានគូសបញ្ជាក់ពីសារៈសំខាន់នៃការអប់រំផ្សព្វផ្សាយតាមគ្រប់រូបភាពទៅដល់គ្រប់ស្រទាប់មហាជនទាំងអស់ ជាពិសេសអ្នកប្រើប្រាស់យានយន្តគ្រប់ប្រភេទ គ្រឹះស្ថានអប់រំ តាមមូលដ្ឋាន គ្រប់ស្ថាប័នគ្រប់គ្រងរបស់រដ្ឋនិងឯកជន អំពីនីតិវិធីនៃការ កាត់ពិន្ទុបណ្ណបើកបរតាមរយៈកម្មវិធីនៅលើទូរស័ព្ទដៃស្មាតហ្វូន៕ដោយ​៖សហការី​

រូបភាព​៖ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួង​សាធារណការ​


ចែករំលែក៖