ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកទំនិញបុករថយន្តកាមរី ស្លាប់ម្នាក់និងរបួសជាច្រើននាក់ នៅស្តុបណតប្រីដ

ចែករំលែក៖

ភ្នំពេញ​ ៖​ រថយន្តដឹកទំនិញបុករថយន្តកាមរីបណ្តាលឲ្យស្ត្រីម្នាក់ស្លាប់នៅកន្លែងកើតហេតុ និងប្រុសស្រីក្មេងចាស់៤នាក់ទៀតរងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅម៉ោង១១ និង ២០នាទីយប់ថ្ងៃទី១៦ ខែមិថុនា​ ឆ្នាំ២០២១​ នៅតាមបណ្តោយផ្លូវលេខ២០០៤ កែងនិងផ្លូវណតប្រ៊ីដ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនកើតហេតុគេឃើញរថយន្តម៉ាកតូយ៉ូតាកាមរី​ ពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2AA-8975 បើកបរជាលក្ខណៈគ្រួសារមានប្រុសស្រីក្មេងចាស់ចំនួន៥នាក់ បានធ្វេីដំណើរតាមបណ្តោយផ្លូវលេខ២០០៤ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុដែលជាផ្លូវបែកជាបួន ក៏មានរថយន្តដឹកទំនិញធុនធំ ម៉ាកFUSOក្បាលពណ៌ក្រហម​ ពាក់ស្លាកលេខព្រះសីហនុ3A-2426បើកបរដោយបុរសម្នាក់នឹងមានអ្នករួមដំណើរ២នាក់ ធ្វេីដំណើរតាមបណ្តោយផ្លូវណតប្រ៊ីដក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿនជាន់ហ្វ្រ័ងមិនទាន់បានជ្រុលបុកពីចំហៀងរថយន្តពេញទំហឹង បណ្ដាលឲ្យស្ត្រីវ័យចំណាស់ម្នាក់ដែលអង្គុយនៅខាងមុខស្លាប់នៅនឹងកន្លែង​ ចំណែកក្មេងចាស់ប្រុសស្រី៤នាក់ទៀតរងរបួសធ្ងន់ស្រាល​ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ស្ត្រីដែលស្លាប់ជាប់នៅក្នុងរថយន្តត្រូវបានបងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចនាំគ្នាជួយគាស់ចេញយកសពមកតម្កល់ទុកក្នុងរថយន្តសាមុយ​ ។ ចំណែកអ្នកបើករថយន្តបង្កឃើញសភាពមិនស្រួលបើកទ្វារចុះរត់គេចខ្លួនបាត់ បន្សល់ព្រូពីរនាក់រត់មិនទាន់ត្រូវប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាតាមច្បាប់។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖