ព័ត៌មានទាន់ហេតុការណ៍៖

ពិតជាមិនធម្មតាមែនជាប់ពន្ធនាគារព្រៃសហើយអាចលក់គ្រឿងញៀនបានទៀតសមត្ថកិច្ចឃាត់ខ្លួនបានអ្នកទិញម្នាក់

ចែករំលែក៖

ខេត្តកណ្ដាល ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅឃាត់ខ្លួនពាក់ព័ន្ធទៅនឹងគ្រឿងញៀនខុសច្បាប់។ កើតហេតុនេះកើតឡើងនៅវេលាម៉ោង១៧៖១៥នាទី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅចំណុច ភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យឈ្មោះ បូ សូឌី ភេទប្រុសអាយុ២៤ឆ្នាំ រស់នៅភូមិលេខ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅខេត្តកណ្តាល មុខរបរមិនពិតប្រាកដ ។
ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន
-ម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀន ចំនួន០១កញ្ចប់ធំ
-ម៉ូតូ០១គ្រឿង ម៉ាកMSX ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 1CQ-4753
-ទូរស័ព្ទ ០១គ្រឿង ម៉ាកOPPO ពណ៌ក្រហម
សមត្ថកិច្ចបានបញ្ជាក់បន្ថែមទៀតថា មុនពេលកើតហេតុកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅចេញល្បាតទៅដល់ចំណុចគល់ស្ពានព្រែកសំរោង ស្ថិតក្នុងភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល បានប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូម្នាក់ឯងដោយមានការសង្ស័យ ក៏ធ្វើការឃាត់សួរនាំឆែកឆេរបានរកឃើញថ្នាំញៀន១កញ្ចប់ធំកាន់ជាប់នៅនឹងដៃឆ្វេង ក៏ឃាត់ខ្លួនយកមកផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាថ្នាំញៀន១កញ្ចប់ធំនេះ ពិតជារបស់ខ្លួន ដែលបានទូរស័ព្ទទៅទិញពីឈ្មោះសិលា ដែលសព្វថ្ងៃនៅជាប់ឃុំនៅក្នុងពន្ធាគារព្រៃស ក្នុងតម្លៃ៦០០$ (ប្រាំមួយរយដុល្លារ) ថ្នាំញៀននេះឈ្មោះសិលា បានឲមនុស្សប្រុសម្នាក់យកមកឲរួចត្រឡប់ទៅវិញបាត់ទៅ។
ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

ដោយ៖ ស សម


ចែករំលែក៖