ព័ត៌មានទាន់ហេតុការណ៍៖

ចៅសង្កាត់ស្វាយរៀងចុះត្រួតពិនិត្យនិងចាក់សាបផ្លូវដែលមានជង្ហុកធំៗដែលងាយបង្កគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ពេលយប់និងពេលមានភ្លៀងធ្លាក់ក្នុងក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ ក្រោមការណែនាំពីលោកអភិបាលក្រុងស្វាយរៀង លោក ទូច ធី ដែលទើបឡើងតំណែងជាចៅសង្កាត់ស្វាយរៀងថ្មីបានចុះត្រួតពិនិត្យនិងចាក់សាបផ្លូវដែលមានជង្ហុកធំៗដែលងាយបង្កគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់នៅពេលយប់និងពេលមានភ្លៀងធ្លាក់ម្ដងៗស្ថិតនៅទល់មុខ ភ្លើងស្តុបសួនតាឌី នៅក្នុងភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង នាល្ងាចថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២១ ពិសេសដើម្បីសំរួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋឆ្លងកាត់។

លោក ទូច ធី ចៅសង្កាត់ស្វាយរៀងបានឱ្យដឹងថាដោយនាពេលកន្លងមកផ្លូវមួយខ្សែនេះបងប្អូនប្រជាពលរដ្ឋពិបាក ក្នុងការធ្វើដំណើរជិះគេចជង្ហុកទឹកដក់ជ្រៅ ២កន្លែងបង្កគ្រោះថ្នាក់ចរាចរណ៍នៅពេលយប់ទើបលោកជាអាជ្ញាធរសង្កាត់និងក្រុមការងារបានចុះដល់កន្លែងនិងនាំគ្នាចាក់សាបកន្លែងមានជង្ហុកនោះដើម្បីកុំឱ្យបងប្អូនមានការព្រួយបារម្ភបន្តទៀត ក្នុងការធ្វើដំណើរពេលមានភ្លៀងធំទឹកដក់មើលមិនឃើញជង្ហុកជិះគេចបង្កគ្រោះថ្នាក់ចរាចរណ៍ ជាយថាហេតុពិសេសនៅក្នុងខែវស្សានេះតែម្ដង។

លោកក៏បានសុំឱ្យប្រជាពលរដ្ឋក្នុងសង្កាត់ស្វាយរៀងសូមឱ្យជួយថែទាំ ទាំងអស់គ្នា ព្រោះអាជ្ញាធរធ្លាប់បានណែនាំបងប្អូនជារឿយៗរួចមកហើយ ឱ្យចូលរួមសម្អាតបរិស្ថាន បើមិនបានធ្វើតាមទីសាធារណៈ ក៏បានធ្វើនៅជុំវិញផ្ទះរបស់ខ្លួន ជាពិសេសឈប់ចោលសំរាមរាយប៉ាយតាមផ្លូវព្រោះវាធ្វើឱ្យបាត់សោភណ្ឌភាពក្រុងស្វាយរៀងទាំងមូល។

ឆ្លៀតក្នុងឱកាសនោះលោកចៅសង្កាត់ស្វាយរៀងក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបន្តចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាល ៣កុំ ៣ការពារជាប់ជានិច្ចព្រោះក្នុងសង្កាត់ស្វាយរៀងយើងក៏មានករណីឆ្លងជម្ងឺកូវីដ-១៩ជាច្រើនករណីក្នុងសហគមន៍ហើយ បើពុកម៉ែបងប្អូនមិនមានការចាំបាច់សូមកុំចេញពីផ្ទះ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖