ខេត្តបាត់ដំបង ៖ លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌនិង លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងធ្វើការឃាត់ខ្លួនមុខសញ្ញាជាជនសង្ស័យម្នាក់ក្នុងករណីចោរកម្ម (លួចទូរស័ព្ទដៃ)នៅហាងលក់ទូរស័ព្ទមួយកន្លែង រួចនាំខ្លួនមកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបងដើម្បីធ្វើការសាកសួរស្រាវជ្រាវ ។
ប្រតិបត្តិកានេះ បានធ្វើឡើងកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ម៉ោង៣រសៀល នៅចំណុចក្រុមទី១៥ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យឈ្មោះ រ៉ែន សីហា (ហៅ សីហា) ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅស្ថិតនៅផ្ទះជួលភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ជននេះ បានសារភាពថា ខ្លួនគេពិតជាបានលួចទូរស័ព្ទដៃគេ៣គ្រឿងប្រាកដមែន។ ក្នុងនោះដែរសមត្ថកិច្ចដកហូតបានទូរស័ព្ទដៃម៉ាក iPhone 6 ពណ៌ស ចំនួន ០១ គ្រឿង ទូរស័ព្ទដៃម៉ាក iPhone 8plus ពណ៌ផ្កាឈូក ០១គ្រឿង និងទូរស័ព្ទដៃម៉ាក sumsung galaxy note 4 ពណ៌ខ្មៅ ចំនួន០១គ្រឿង។
ជនសង្ស័យខាងលើត្រូវសមត្ថកិចរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ រីឯទូរស័ព្ទដៃបានប្រគល់ជូនជនរងគ្រោះវិញក្រោយដកហូតបាន ៕
ដោយ ៖ ប្រាថ្នា