ភ្នំពេញ៖ នេះជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការជួយកសាងចំណេះដឹង និងសមត្ថភាពផ្នែកឌីជីថលនៅកម្ពុជា សែលកាតបានសហការជាមួយ SabaiCode ដើម្បីផ្តល់ជូនដល់សិស្សនិស្សិតចំនួន ១០រូប នូវឱកាសចូលរួមក្នុងវគ្គ Bootcamp សរសេរកូដ។
តាមរយៈកិច្ចសហការជាដៃគូរយៈពេលមួយឆ្នាំនេះ សែលកាតនឹងជួយឧបត្ថម្ភដល់សិស្សនិស្សិតឱ្យបានចូលសិក្សាផ្នែកអភិវឌ្ឍន៍សូហ្វវែរនិងកម្មវិធី នៅក្នុងវគ្គ Full Stack Developer Bootcamp ដែលត្រូវបានរៀបចំឡើងយ៉ាងពិសេសដោយផ្ទាល់ពីការិយាល័យកណ្តាលរបស់SabaiCode នៅឯ Silicon Valley។
Bootcamp គឺជាកម្មវិធីសិក្សារយៈពេល ១២ខែ ដែលនឹងជួយផ្លាស់ប្តូរសិស្សនិស្សិតវ័យក្មេងដែលមិនមានបទពិសោធន៍ក្នុងការសរសេរកូដឱ្យក្លាយខ្លួនជាអ្នកជំនាញអភិវឌ្ឍន៍កម្មវិធី ដែលអាចចូលរួមបម្រើការងារប្រកបដោយសមត្ថភាពពេញលេញ។
លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាតបានមានប្រសាសន៍ថា វគ្គសិក្សានេះគឺជាការបោះជំហានទៅមុខដ៏អស្ចារ្យមួយ ក្នុងការជម្រុញឱ្យយុវជនជ្រើសរើសយកនូវជំនាញដែលពុំសូវពេញនិយមនាពេលកន្លងមក ដើម្បីជួយផ្លាស់ប្តូរប្រទេសកម្ពុជាឱ្យក្លាយទៅជាឌីជីថលនីយកម្ម។
លោកបានថ្លែងថា ជំហ៊ានដំបូងនេះ នឹងជួយកសាងមូលដ្ឋានគ្រឹះសម្រាប់ពេលអនាគត ដើម្បីលើកទឹកចិត្តឱ្យសិស្សនិស្សិតកាន់តែច្រើនឡើង មកចាប់យកជំនាញសរសេរកូដនេះ។
លោក វ៉ាតសុន បានមានប្រសាសន៍ទៀតថា៖ “យើងបានឃើញសន្ទុះកើនឡើងនៃការប្រើប្រាស់ប្រព័ន្ធឌីជីថលនៅកម្ពុជា ស្របពេលដែលពលរដ្ឋខ្មែរ ចាប់ផ្តើមចេះបញ្ជាទិញទំនិញតាមអនឡាញ បង់វិក្កយបត្រ សិក្សា និងជួបប្រជុំតាមរយៈកម្មវិធីទូរស័ព្ទជាដើម”។
“យើងត្រូវបង្កើនជំនាញឌីជីថល ដូចជាការសរសេរកូដនេះជាដើម ដើម្បីធានាថា យើងអាចដើរទន្ទឹមគ្នាជាមួយប្រទេសជិតខាងរបស់យើង ក៏ដូចជាជួយផ្តល់ដល់សហគ្រិនវ័យក្មេង និងធុរកិច្ចថ្មីៗ នូវការគាំទ្រដែលពួកគេត្រូវការជាចំបាច់ផងដែរ”។
“នេះជាឱកាសដ៏ប្រសើរបំផុតមួយសម្រាប់យុវជនខ្មែរ ដែលពុំមានលទ្ធភាពផ្នែកហិរញ្ញវត្ថុគ្រប់គ្រាន់ ក្នុងការចាប់យកនូវអាជីពថ្មីក្នុងវិស័យឌីជីថល ដែលកំពុងមានភាពទាក់ទាញខ្លាំងនៅក្នុងប្រទេសកម្ពុជា”។
លោក ឡេង ពិសិដ្ឋ ស្ថាបនិក SabaiCode ដែលបច្ចុប្បន្នមានមូលដ្ឋាននៅ Silicon Valley បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនសែលកាតដែលបានផ្តល់អាហារូបករណ៍ជូនដល់សិស្សនិស្សិត ដែលស្រឡាញ់ចូលចិត្តផ្នែកបច្ចេកវិទ្យា ដើម្បីក្លាយខ្លួនជាអ្នកជំនាញផ្នែកអភិវឌ្ឍន៍សូហ្វវែរ។
“ពួកយើងមានក្តីរំភើបរីករាយបំផុត ដែលបានចាប់ដៃគូជាមួយក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេ ដូចជាសែលកាតនេះ ដែលបេសកកម្មរបស់ពួកគេ រួមមានទាំងការតបស្នងជួយទៅដល់សហគមន៍វិញផងនោះ។ កិច្ចសហការឌីជីថលមួយនេះ នឹងជួយឱ្យពួកយើងអាចផ្តល់ឱកាសដល់សិស្សនិស្សិតដែលមានសក្តានុពលខ្ពស់ ប៉ុន្តែពុំមានលទ្ធភាពគ្រប់គ្រាន់អាចចូលរួមក្នុងកម្មវិធីនេះបាន។ ជំនួយឧបត្ថម្ភនេះ ពិតជានឹងអាចជួយកែប្រែអនាគតសិស្សនិស្សិតទាំងអស់នេះជាក់ជាពុំខាន ហើយទន្ទឹមនឹងនោះ ពួកយើងក៏នឹងទន្ទឹងរង់ចាំមើលនូវលទ្ធផលជាផ្លែផ្កា ដែលកើតចេញពីទំនាក់ទំនងជាដៃគូនេះផងដែរ”។
តាមរយៈវគ្គ Bootcamp នេះ សិស្សនិស្សិតទាំងអស់ នឹងទទួលបានការណែនាំដោយអ្នកសរសេរកូដដែលមានបទពិសោធន៍ខ្ពស់ ស្របពេលដែលពួកគេកំពុងក្រេបយកនូវជំនាញដែលត្រូវការជាចាំបាច់ ដើម្បីក្លាយខ្លួនជាអ្នកសរសេរកម្មវិធីអាជីព។ វគ្គសិក្សានេះ រួមបញ្ចូលទាំងគម្រោងអនុវត្តន៍ជាក់ស្តែង ដែលអនុញ្ញាតឱ្យសិស្សនិស្សិតអាចកសាងគុណវុឌ្ឈិដ៏រឹងមាំសម្រាប់បង្ហាញជូនដល់ក្រុមហ៊ុនដែលពួកគេមានចំណាប់អារម្មណ៍ចង់បម្រើការងារជូនផងដែរ។
បន្ទាប់ពីបញ្ចប់ការសិក្សារួច SabaiCode នឹងជួយដល់សិស្សនិស្សិតក្នុងការស្វែងរកការងារនៅក្នុងវិស័យអភិវឌ្ឍន៍សូហ្វវែរឱ្យបានជោគជ័យ។
កិច្ចសហការជាដៃគូនេះ បានលេចចេញជារូបរាងឡើង បន្ទាប់ពីក្រុមហ៊ុនសែលកាត បានដាក់ឱ្យដំណើរការ Pouk Mak App ដែលជាកម្មវិធីជជែកកម្សាន្តខ្មែរ បង្កើតឡើងដើម្បីជួយឱ្យប្រជាពលរដ្ឋខ្មែរ អាចទំនាក់ទំនងគ្នាកាន់តែជិតស្និទ្ធឡើង។ បង្កើតឡើងដោយកូនខ្មែរសម្រាប់ប្រជាពលរដ្ឋខ្មែរកម្មវិធីនេះមានផ្តល់ជូននូវផ្ទាំងកម្មវិធីជាភាសាខ្មែរ ១០០% និងផ្តល់ជូនដល់អ្នកប្រើប្រាស់នូវការតេចេញ និងផ្ញើសារដោយឥតគិតថ្លៃ ពោលគឺអនុញ្ញាតឱ្យពួកគេអាចផ្ញើនិងទទួល ឯកសារ រូបថតនិងវីដេអូ លេងហ្គេមអនឡាញតាមដានព័ត៌មាន និងរក្សាទុកប័ណ្ណចាក់វ៉ាក់សាំងកូវីដ-19 បែបឌីជីថលជាដើមទៀតផង។
សិស្សនិស្សិតដែលមានចំណាប់អារម្មណ៍ជាមួយវគ្គ Bootcamp អាចស្វែងយល់បន្ថែម ឬដាក់ពាក្យតាមរយៈhttps://sabaicode.com/bootcamp/form
អំពី SabaiCode
ជាស្ថាប័នអប់រំដែលមានមូលដ្ឋាននៅ Silicon Valley និងរាជធានីភ្នំពេញSabaiCode មានជំនាញខាងផ្នែកបង្រៀនសរសេរកូដ និងរ៉ូបូត សម្រាប់អ្នកសិក្សាគ្រប់វ័យ។ វិទ្យាស្ថាននេះ ត្រូវបានដឹកនាំដោយអ្នកជំនាញផ្នែកបច្ចេកវិទ្យា ជាមួយគោលបំណងក្នុងការផ្តល់ជូនដល់សិស្សនិស្សិតកម្ពុជាគ្រប់រូប នូវចំណេះដឹង និងជំនាញបច្ចេកវិទ្យា ដែលកំពុងមានតម្រូវការខ្ពស់។
អំពីសែលកាត
សែលកាត គឺជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅប្រទេសកម្ពុជាដែលមានផ្តល់នូវសេវាទំនាក់ទំនងតាមទូរស័ព្ទចល័ត និងសេវាកម្សាន្ត ជូនដល់អតិថិជន និងក្រុមហ៊ុនសាជីវកម្ម។ សែលកាត ជាបណ្តាញទូរស័ព្ទចល័តដែលគ្រប់គ្រងដោយជនជាតិខ្មែរតែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕