កីឡាករសញ្ជាតិអេស្ប៉ាញSergio Ramos បានសម្រេចចិត្តចាកចេញពីក្លិប Real Madridក្រោយពីបានលេងឲ្យក្លិបនេះអស់រយះពេល១៦ឆ្នាំ។
ខ្សែការពារវ័យ៣៥ឆ្នាំរូបនេះបានមកចូលរួមក្រុមReal Madridកាលពីឆ្នាំ២០០៥ដោយផ្លាស់ពីក្លិបបាល់ទាត់ Sevilla ។ គាត់បានលេងឲ្យក្រុមReal Madrid ចំនួន ៦៧១ប្រកួត រកបាន១០១គ្រាប់ និងជួយក្រុមឈ្នះ២២ពាន រួមទាំង ពាន La Liga៥ដង និងពានChampions Leagueចំនួន៤ដង។
Sergio Ramosបានថ្លែងទាំងទឹកភ្នែកនៅក្នុងពិធី ចាកចេញពីក្លិបថា “ពេលវេលាដ៏លំបាកបំផុតនៅក្នុងជីវិតបានមកដល់នៅពេលដែលអ្នកមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការចាកចេញនោះទេ។
ខ្ញុំសូមយកឱកាសនេះនិយាយពាក្យថាលាចំពោះអ្នកគាំទ្រទាំអស់ដោយពេលវេលាដ៏អស្ចារ្យមួយបានបិទបញ្ចប់ហើយ។ ប៉ុន្តែទំព័រថ្មីនៅក្នុងអាជីពខ្ញុំនឹងចាប់ផ្តើមហើយខ្ញុំនឹងបន្តពោរពេញទៅដោយឆន្ទះខ្ពស់បន្ថែមទៀត។”
ចំណែកលោក Perez ប្រធានក្លិបReal Madrid ក៏បានសម្តែងនូវការសោកស្តាយពីការចាកចេញរបស់ Sergio Ramos ផងដែរដោយនិយាយថា “នេះគឺជាថ្ងៃដ៏លំបាករបស់ខ្ញុំ ដោយសារតែខ្ញុំនៅតែចងចាំពេលដែលខ្ញុំបានចុះហត្ថលេខាទិញ Ramosកាលពីគាត់នៅវ័យ១៩ឆ្នាំ ក្នុងតំលៃ២៧លានអឺរ៉ូក្នុងឆ្នាំ២០០៥។ គាត់បានមកដល់កីឡាដ្ឋានរបស់យើងទាំងចិត្តមោះមុតចង់គ្រប់គ្រងពិភពបាល់ទាត់តែម្តង។ គាត់ក៏បានក្លាយទៅជាវីរៈបុរសរបស់ក្លិបនិងជាប្រធានក្រុមអស់រយៈពេលជាច្រើនឆ្នាំផងដែរ ៕
ដោយ៖ ភារៈ