អតីតតខ្សែបំរើសញ្ជាតិអុីតាលី Gennaro Gattuso និង ក្លិបបាល់ទាត់Fiorentinaបានយល់ព្រមចែកផ្លូវគ្នាដើររៀងខ្លួន ក្រោយក្លិបនេះតែងតាំង Gennaro Gattusoជាគ្រូបង្វឹកបានតែ៣សប្តាហ៍ប៉ុណ្ណោះ។
Fiorentinaបានជ្រើសរើសលោក Gennaro Gattusoវ័យ៤៣ឆ្នាំមកធ្វើជាគ្រូបង្វឹកតែ៤៨ម៉ោងប៉ុណ្ណោះក្រោយគាត់ចាកចេញពីក្រុម Napoli ហើយការងាររបស់គាត់នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី១ខែកក្កដានេះ។
ប៉ុន្តែក្លិបFiorentinaបានប្រកាសនៅលើគេហទំព័ររបស់ខ្លួនថា “Fiorentina និងគ្រូបង្វឹក Gattuso បានយល់ព្រមរៀងខ្លួន មិនបន្តតាមកិច្ចព្រមព្រៀងពីមុននោះឡើយ ហើយពួកយើងនឹងមិនបានធ្វើការជាមួយគ្នានៅក្នុងរដូវកាលក្រោយនោះទេ។”
សារពត័មានរបស់អុីតាលីបានឲ្យដឹងថាមូលហេតុដែលបណ្តាលឲ្យមានការចែកផ្លូវគ្នាដើរនេះគឺអាចមកពីការខ្វែងគំនិតគ្នារបស់ម្ចាស់ក្លិប និងគ្រូបង្វឹកទាក់ទងទៅនឹងយុទ្ធសាស្រ្តនិងធនធានក្នុងការទិញកីឡាករមកពង្រឹងក្រុម ៕ ដោយ ៖ ភារៈ