ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ វង្ស ពិសេន នាំយកថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួនឧបត្ថម្ភដល់ក្រុមគ្រូពេទ្យ និងបងប្អូនប្រជាពលរដ្ឋសម្រាកព្យាបាលជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ វង្ស ពិសេន ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកនូវថវិកា និងគ្រឿងឧបភោគ បរិភោគមួយចំនួន ផ្តល់ជូនក្រុមគ្រូពេទ្យនិងប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅមណ្ឌលព្យាបាល វិទ្យាល័យសម្តេចតេជោហ៊ុនសែនពារាំង។

ក្នុងមតិសំណេះសំណាល នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យចូលរួមការពារជំងឺកូវីដ-១៩ ទាំងអស់គ្នា ក្នុងករណីមានអាការ:ដូចជាក្តៅខ្លួន ឬសង្ស័យថាមានជំងឺកូវីដ-១៩ ត្រូវទៅជួបគ្រូពេទ្យយកសំណាក និងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ។

ជាមួយនោះ លោកប្រធានក្រុមការងារ បានធ្វើការផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ នៅពេលជាសះស្បើយ ត្រឡប់ទៅផ្ទះវិញ ត្រូវបន្តធ្វើចត្តាឡីស័កគ្រប់ចំនួន១៤ថ្ងៃ និងត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល ៣ការពារ ៣កុំ ដោយត្រូវឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល និងត្រូវពាក់ម៉ាស់ រក្សាគម្លាត ដើម្បីរួមគ្នាបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ដែលជាសត្រូវឥតស្រមោល កុំឱ្យបន្តឆ្លងចូលក្នុងក្រុមគ្រួសារ និងក្នុងសហគមន៍។

ក្នុងឱកាសចុះសួរសុខទុក្ខដល់ប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានទទួលអំណោយឧបត្ថម្ភជាទឹកបរិសុទ្ធពីក្រុមហ៊ុនជីបម៉ុង ចំនួន១.០០០កេសផងដែរ៕

ដោយ៖ ស សម


ចែករំលែក៖