អន្តរជាតិ៖ យ៉ាងហោចណាស់មនុស្សរាប់សិបនាក់ ត្រូវបានស្លាប់នៅក្នុងប្រទេសប៊ូតង់ និងនេប៉ាល់ និងមនុស្សជាច្រើននាក់ទៀតកំពុងបាត់ខ្លួន ខណៈភ្លៀងរដូវវស្សាបោកបក់មកលើតំបន់ ដែលបង្កជាការបាក់ដីនិងទឹកជំនន់។ នេះបេីយោងតាមការបញ្ជាក់ពីក្រុមមន្ត្រីជំនាញជួយសង្គ្រោះ បានអះអាងកាលពីថ្ងៃព្រហស្បតិ៍ទី១៧ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញនេះ។
ក្រុមមន្ត្រីជំនាញ បានបញ្ជាក់បន្ថែមថា កាលពីព្រឹកថ្ងៃពុធថ្មីៗនេះ អ្នកប្រមូលដំណាំផ្សិត ចំនួន ១០នាក់ បានស្លាប់នៅតាមជំរំលើភ្នំដាច់ស្រយាលរបស់ពួកគេ នាភាគខាងជើងរដ្ឋធានីធីមភូរបស់ប៊ូតង់ត្រូវបានទឹកទាញយកទៅបាត់។ មន្រ្តីដដែល បន្តថា ចំណែកមនុស្ស ៥នាក់ផ្សេងទៀតបានរងរបួស កំពុងស្ថិតក្នុងស្ថានភាពនឹងនរនៅក្នុងមន្ទីរពេទ្យ។
សូមជម្រាបថា រដូវវស្សាប្រចាំឆ្នាំ គឺមានសារៈសំខាន់ណាស់ដើម្បីបំពេញការផ្គត់ផ្គង់ទឹកនៅទូទាំងអាស៊ីខាងត្បូង ប៉ុន្តែវាក៏បង្កការស្លាប់និងការបំផ្លាញផងដែរ។
ជុំវិញបញ្ហានេះដែរ លោក ឡូតាយ សឺរីង នាយករដ្ឋមន្ត្រីប៊ូតង់ បានផ្តល់ការបន់ស្រន់និងចូលរួមរំលែកទុក្ខ ហើយនិយាយថា ក្រុមជួយសង្គ្រោះត្រូវបានបញ្ជូនទៅកន្លែងកើតហេតុ។ បន្ថែមពីនេះលោកនាយករដ្ឋមន្រ្តី បានបញ្ជាក់នៅក្នុងសារមួយលើបណ្តាញសង្គមហ្វេសប៊ុកថា៖ ”ខ្ញុំសូមជំរុញឱ្យអ្នករាល់គ្នានៅទូទាំងប្រទេសចៀសវាងការទស្សនាឬបោះតង់ក្បែរមាត់ទន្លេ ហើយត្រូវប្រុងប្រយ័ត្នចំពោះគ្រោះមហន្តរាយដែលអាចកើតមានក្នុងពេលមានភ្លៀងរដូវវស្សា”។
ដោយឡែកនៅក្នុងប្រទេសនេប៉ាល់វិញ សាកសពកម្មករចិនពីរនាក់ ត្រូវបានស្រង់ពីទឹកកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ពីតំបន់ស៊ីនឌូផាល់ឆុក ក្បែររដ្ឋធានីកដ្ឋមណ្ឌូ ដោយនាំឱ្យចំនួនអ្នកស្លាប់ក្នុងតំបន់នេះកើនឡើងដល់៣នាក់។
ក្រុមមន្ត្រីជំនាញ បានគូសបញ្ជាក់ថា សាកសពពួកគេត្រូវបានរកឃើញនៅចម្ងាយជាង១០០គីឡូម៉ែត្រពីកន្លែងដែលពួកគេត្រូវបានទឹកជំនន់ទាញទៅក្នុងទន្លេមេឡាមឈី។ ចំណែកមនុស្ស១៣នាក់ទៀត កំពុងបាត់ខ្លួន ខណៈមនុស្សរាប់រយនាក់បាត់បង់ទីលំនៅផងដែរ៕ដោយ៖សហការី