ព័ត៌មានទាន់ហេតុការណ៍៖

បុរសជន​ពិការ​មួយចំហៀងខ្លួនម្នាក់​ធ្លាក់ទឹកអូរលង់ស្លាប់នៅខាងក្រោយ​ផ្ទះ

ចែករំលែក៖

ខេត្ត​បាត់ដំបង​ ៖​ បុរស​ជា​ជន​ពិការ​ម្នាក់​បានលង់ទឹកស្លាប់ ហើយត្រូវ​បាន​សាច់ញាតិ​រក​ឃើញ​នៅ​ក្នុង​ទឹកអូរ​ ខាងក្រោយ​ផ្ទះ​ បន្ទាប់​ពី​បាត់​ខ្លួន​អស់​ជា​ច្រើន​ម៉ោង​ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់ ។​

​ករណី​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​១៦​ ខែមិថុនា​ ឆ្នាំ​២០២១​ វេលារំលងអធ្រាត្រ ស្ថិត​នៅ​ចំណុច​ភូមិ​អូរ​កំបុត​ ឃុំ​ព្រែក​ខ្ពប​ ស្រុក​ឯក​ភ្នំ​ ខេត្តបាត់ដំបង​ ។​

ប្រភពពីមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកខ្ពប បានឲ្យដឹងថា​ជន​រង​គ្រោះ​ឈ្មោះ​ សុខ​ ខាន់​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ ជា​ជន​ពិការ​មួយ​ចំហៀង​ខ្លួន​ផ្នែក​ខាងស្តាំ​យូរ​ឆ្នាំ​មក​ហើយ​។ បច្ចុប្ប្ន​ន្ន​រស់នៅ​ក្រុម​ទី​១២​ ភូមិ​អូរ​កំបុត​ ឃុំ​ព្រែក​ខ្ពប​ ស្រុក​ឯក​ភ្នំ​ ខេត្តបាត់ដំបង​។​

​តាម​ការ​បំភ្លឺ​របស់​ឈ្មោះ​ សុខ​ សំណាង​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ រស់នៅ​ភូមិ​អូរ​កំបុត​ ឃុំ​ព្រែក​ខ្ពប​ ស្រុក​ឯក​ភ្នំ​ មុខរបរ​ ព្រូរថយន្តត្រូវជាប្អូនបង្កើត​របស់​សព​ បានឲ្យដឹង​ថា​ នៅ​យប់​ថ្ងៃ​កើតហេតុ​ ខ្លួន​បាន​ជិះ​ម៉ូតូ​ទៅ​លេង​ខេត្ត​ជាមួយ​មិត្ត​ភកិ្ត ហើយពេល​ត្រឡប់​មក​ផ្ទះ​វិញ​ទៅ​រក​មើល​បងប្រុសជា​ជន​រង​គ្រោះ​នៅផ្ទះតែ​រក​មិនឃើញ​ ។​ បន្ទាប់​មក​ខ្លួន​ក៏​បើកភ្លើង​ពិលតាមទូរស័ព្ទ​ដៃ​មើលទៅ​ក្នុង​អូរ​ក្រោយ​ផ្ទះ​ ស្រាប់តែ​ឃើញ​ស្បែកជើង​បងប្រុស​របស់​ខ្លួន​និង​ឃើញ​ជើងមនុស្ស​ ហើយ​និង​ខោ​បងប្រុស​ខ្លួន​នៅមាត់អូរ ទើប​ខ្លួន​ដឹង​ថា​បងប្រុស​ខ្លួន​ធ្លាក់ទឹក​ស្លាប់​បាត់​ទៅ​ហើយ​។​ ភ្លាមនោះខ្លួន​ក៏​ស្រែកហៅ​បង​ទី​៥​ឈ្មោះ​ សុខ​ ញែ​ប​ ហើយ​ហៅ​អ្នក​ភូមិ​ឲ្យ​មក​ជួយ​ស្រង់​សាកសព​បងប្រុស​យក​មក​ដាក់​លើគោក​។​ លុះដល់​វេលា​ម៉ោង​០៧​និង​១០​នាទី​ព្រឹក​ ថ្ងៃ​ទី​១៧​ ខែមិថុនា​ ឆ្នាំ​២០២១​ កម្លាំង​ជំនាញ​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​និងធ្វើកោសល្យវិច័យលើសាកសព​តែ​សាកសព​ត្រូវក្រុមគ្រួសារបាន​លើកដាក់​ចូល​មឈូស​បាត់​ទៅ​ហើយ​។​ ដោយមានសាក្សីអះអាងនិងយល់ឃើញថាក្រុមគ្រួសារមិនប្តឹងក្នុងករណីនេះសមត្ថកិច្ចជំនាញបានប្រគល់សាកសពជូនក្រុមគ្រួសារ​យក​ទៅ​ធ្វើ​ពិធីបុណ្យ​តាម​ប្រពៃណី​ ​៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖