ព័ត៌មានទាន់ហេតុការណ៍៖

ដំណឹងដ៏ក្រៀមក្រំ ៖ ព្រឹទ្ធាចារ្យអាយ៉ៃ លោកតា សាឡាត់ ទទួលមរណភាព

ចែករំលែក៖

ភ្នំពេញ៖ ពិតជាដំណឹងដ៏គួរឱ្យក្រៀមក្រំនិងសោកស្តាយក្រៃលែង ក្រោយពីគេទទួលព័ត៌មានមកថា លោកព្រឹទ្ធាចារ្យ ម៉ក់ កាណេន ហៅលោកតា សាឡាត់ សិល្បករផ្នែកអាយ៉ៃដ៏ល្បីល្បាញមួយរូបនៃកម្ពុជាបានទទួលមរណភាពនៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ ដោយរោគាពាធ ក្នុងជន្មាយុ៧៩ឆ្នាំ ។

  នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រុមអ្នកស្រាវជ្រាវភាពយន្ត ក្រុមព្រះសុរិយាបានបញ្ជាក់។ ដំណឹងនេះចាត់ទុកថាជាដំណឹងដ៏សែនសោកស្តាយក្រៃលែងនៃការបាត់បង់ធនធានមនុស្សដ៏សំខាន់មួយរូបទៀតហេីយលើផ្នែកសិល្បៈអាយ៉ៃ។ លោកព្រឹទ្ធាចារ្យសាឡាត់ បានបម្រើវិស័យសិល្បៈតាំងពីសម័យសង្គមរាស្រ្តនិយម រហូតដល់បច្ចុប្បន្ន។ លោក ម៉ក់ កាណេន ហៅ នាយសាឡាត់ គឺជាតារាកំប្លែង, អាយ៉ៃនាសម័យបច្ចុប្បន្ន។លោកមានទីលំនៅបច្ចុប្បន្នស្ថិតក្នុងភូមិ បុរីពេញចិត្ត សង្កាត់ឫស្សីកែវ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ។

គួរបញ្ជាក់ដែរថា លោកោះតាសាឡាត់ មានឈ្មោះដើម ម៉ក់ កាណេន កើតនៅឆ្នាំ១៩៤២ ស្ថិតក្នុងភូមិ ពោធិ៍ទង ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ។ លោកគឺជាកូនទី៦ ក្នុងចំណោមបងប្អូន៨នាក់ ប្រុស៥ ស្រី៣។ ឪពុករបស់លោកឈ្មោះ ម៉ក់ មាស ចំណែកម្ដាយឈ្មោះ ហែម សឹម គាត់ទាំងពីរជាកសិករ (ស្លាប់)។ កាលលោករៀននៅវិទ្យាល័យព្រះសីហនុ ខេត្តកំពង់ចាម លោកគឺជាមនុស្សចូលចិត្តសិល្បៈផ្នែកបុរាណ ជាពិសេសសិល្បៈអាយ៉ៃរឿង និង កំប្លែង។ នៅក្នុងវិទ្យាល័យព្រះសីហនុ ខេត្តកំពង់ចាម មានក្រុមសិល្បៈច្រើនក្រុម ប៉ុន្តែមិនមានក្រុមមួយណាដែលមានសមត្ថភាពលើក្រុមរបស់លោកកាណេននោះទេ ពោលគឺមានតែក្រុមសិល្បៈរបស់លោកប៉ុណ្ណោះ។ក្រោយពីលោកឈប់រៀន នៅខ្ទង់ឆ្នាំ១៩៦៥ លោកបានចូលលេងសិល្បៈជាមួយក្រុមចម្រៀងអាយ៉ៃឈ្មោះអ្នក សុទំ ដែលស្ថិតខាងជើងវត្តទួលទំពូង ក្រុងភ្នំពេញ។ពេលលោកលេងសិល្បៈជាមួយអ្នកចម្រៀងអាយ៉ៃអ្នកសុទំ លោកល្បីខាងច្រៀងមានសំឡេងដូចអ្នកចម្រៀងអាយ៉ៃឯក ឈ្មោះ តាសាលួត ។ លោកថា នៅសម័យនោះនរណាក៏ល្បីថា លោកច្រៀងមានសំឡេងដូចអ្នកចម្រៀងអាយ៉ៃឯក តាសាលួត ដែរ។លោកធ្លាប់ឆ្លងកាត់ជីវិតអាពាហ៍ពិពាហ៍ ចំនួន៣លើករួចមកហើយ។ លើកទី១ លោករៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី កែវ សំអាត ក្នុងឆ្នាំ១៩៦៥ ទទួលបានកូន៤នាក់ ប្រុស២ស្រី២ ។ លើកទី២ លោករៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី ចាន់ លីហ៊ាន ក្នុងឆ្នាំ១៩៨៥ ទទួលបានកូន៣ នាក់ប្រុស២ ស្រី១។ លើកទី៣ លោករៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី នូ ឡា សញ្ជាតិអូស្ត្រាលី ក្នុងឆ្នាំ១៩៩០ មិនមានកូននោះទេ។ កូនរបស់លោកបានស្លាប់២នាក់នៅក្នុងរបបខ្មែរក្រហម ចំណែក៥នាក់ផ្សេងទៀតត្រូវបានភរិយារបស់លោក អ្នកស្រី នូ ឡា ជនជាតិអូស្ត្រាលី ធានាទៅរស់នៅឯប្រទេសអូស្ត្រាលីទាំងអស់។បន្ទាប់ពីលោកបានចូលជាអ្នកសិល្បៈ លោកធ្លាប់បានបណ្ណសរសើរច្រើនគួរសម។ ក្នុងនោះ មានទាំងក្នុងសម័យសង្គមរាស្ត្រនិយម និងក្នុងសម័យបច្ចុប្បន្ន ។ នៅសម័យសង្គមរាស្ត្រនិយម លោកធ្លាប់បានបណ្ណសរសើរចំនួន២ ដោយនៅក្នុងនោះ លោកធ្លាប់បានទទួលពីអតីតព្រះមហាក្សត្រ នរោត្ដម សីហនុ ១លើក និងទទួលពីក្រសួងមហាផ្ទៃ១លើក។ ចំណែកនៅសម័យបច្ចុប្បន្នវិញ លោកធ្លាប់បានទទួលបណ្ណសរសើរនិងមេដាយកិត្តិយស ៤ទៅ៥ ផងដែរ ។

  មរណភាពរបស់សិល្បកររូបនេះបានបន្សល់ទុកនូវការចងចាំនិងសោកស្តាយជាទីបំផុតសម្រាប់ប្រជាពលរដ្ឋខ្មែរ។ សូមវិញ្ញាណក្ខន្ធលោកព្រឹទ្ធាចារ្យសាឡាត់ធ្វើដំណើរទៅកាន់សុខគតិភពកុំបីអាក់ខានឡើយ៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖