ព័ត៌មានទាន់ហេតុការណ៍៖

កម្មពៀរតាមទាន់ហន់មែន!! ជនសង្ស័យម្នាក់មានជំងឺកូវីដ-១៩​បានធ្វេីសកម្មភាពឆក់យកទូរស័ព្ទគេបានសម្រេច​ហេីយជិះម៉ូតូយ៉ាងលឿនទៅបុករថយន្តបណ្ដាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

  ភ្នំពេញ​៖​ ជនសង្ស័យម្នាក់មានជំងឺកូវីដ-១៩​ បានជិះម៉ូតូធ្វើសកម្មភាពឆក់យកទូរស័ព្ទពីស្ត្រីម្នាក់បានសម្រេចហេីយស្រាប់តែជិះម៉ូតូយ៉ាងលឿនទៅបុករថយន្តកំពុងឆ្លងផ្លូវបណ្ដាលឲ្យរងរបួសធ្ងន់​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​ និងសមត្ថកិច្ចកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៨ ខែមិថុនា​ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៥០ម៉ែត្រ ក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ​។ 

  តាមសម្ដីស្ត្រីរងគ្រោះមាន​ឈ្មោះ​ ពៅ​ ចិន្ដា​ អាយុ៣៤ឆ្នាំ មុខរបរនៅផ្ទះ​ ស្នាក់នៅក្នុងភូមិទឹកថ្លា​ សង្កាត់ក្រាំងពង្រ​ ខណ្ឌដង្កោ​ បានឱ្យដឹងថា​ មុនពេលកើតហេតុ​ ស្ត្រីរងគ្រោះបានជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីឡែត​ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1lJ-1626  តាមផ្លូវបេតុងព្រៃស​ ក្នុងទិសដៅពីកេីតទៅលិច។លុះមកដល់ចំណុចកេីតហេតុក៏លេចមុខ​ជនសង្ស័យម្នាក់ជិះមួយគ្រឿងម៉ាកស៊ុយហ្ស៊ុយគីនិចមួយគ្រឿង​ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1GP-7967 មកអែបខាងស្ដាំរួចក៏ធ្វើសកម្មភាពឆក់យកទូរស័ព្ទម៉ាកVIVO ដែលគាត់បានដាក់នៅក្នុងឃ្លុបម៉ូតូខាងមុខ​បានសម្រេច ហើយជនសង្ស័យក៏បានជិះម៉ូតូគេចខ្លួនតែសំណាងអាក្រក់បានទៅបុកជាមួយរថយន្តព្រូសមួយគ្រឿង​ ពណ៌ទឹកមាស​ ពាក់ស្លាកលេខភ្នំពេញ 2AX-2807 ដែលបេីកបរដោយនារីរូបស្រស់ស្អាតម្នាក់​ កំពុងបត់ឆ្វេងចូលបុរីពិភពថ្មីទី១ បណ្តាលឲ្យជនសង្ស័យរងរបួសបាក់ជើងខាងស្តាំនិងបែកមុខបែកមាត់ត្រូវបានបញ្ជូនតាមរថយន្តសាមុយរបស់មន្ទីរពេទ្យបង្អែកម្លិះខណ្ឌដង្កោយកទៅសង្រ្គោះភ្លាមៗ។

  មួយសន្ទុះក្រោយមកម្ចាស់ទូរស័ព្ទបានតេមក ហេីយសមត្ថកិច្ចក៏បានលើកទូរស័ព្ទរបស់ជនរងគ្រោះនិយាយជាមួយទើបដឹងថា ជនរងគ្រោះគឺជាជនសង្ស័យដែលឆក់យកទូរស័ព្ទគាត់ហើយព្យាយាមជិះម៉ូតូគេចខ្លួន ។ បើតាមការបញ្ជាក់ពីសមត្ថកិច្ចបានឱ្យដឹងបន្ថែមទៀតថាជនសង្ស័យមានផ្ទុកជំងឺកូវីដ-១៩ផងដែរក្រោយពេលគ្រូពេទ្យពិនិត្យសំណាករួច ។

    ក្រោយពេលកើតហេតុ​ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោសហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌដង្កោ​ បើកការស្រាវជ្រាវនិងបានទទួលពាក្យបណ្តឹងពីជនរងគ្រោះដែលជាម្ចាស់ទូរស័ព្ទផងដែរ។​ ដោយឡែកជនសង្ស័យខាងលេីកំពុងស្ថិតនៅមន្ទីរពេទ្យនិងបន្តចាត់ការបន្តតាមនីតិវិធី៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖