ភ្នំពេញ៖ ពិតជាមិនអាចបញ្ចប់ដោយងាយៗឡើយ ពេលនេះអ្នកនាង បញ្ចកា ដែលជាជនរងគ្រោះដោយការបង្កហិង្សាពីគូស្នេហ៍ជាតារាសម្តែង លោក យិត មាសឧស្សាហ៍ហៅអេដវីន បានសម្រេចចិត្តដាក់ពាក្យបណ្តឹងហើយ ហើយឪពុកបង្កើតរបស់នាងក៏បានអំពាវនាវឲ្យស្ថាប័នពាក់ព័ន្ធជួយរកយុត្តិធម៌ដល់កូនស្រីផងដែរ។
ឪពុករបស់អ្នកនាងបញ្ចការលោក សៀន បរិសុទ្ធបានបញ្ចេញសារដ៏ឈឺចាប់ចំពោះរូបភាពហិង្សាដ៏ឃោរឃៅដែលបានកើតមានលើកូនស្រីបណ្តូលចិត្ត និងស្នើឲ្យអង្គការ និងស្ថាប័នច្បាប់ជួយរកយុត្តិធម៌សម្រាប់កូនស្រីរបស់លោកផងដែរ។ អ្នកនាងបញ្ចការជាជនរងគ្រោះបានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅកាន់សមត្ថកិច្ចដើម្បីចាត់ការលើករណីនេះហើយ។
នេះបើយោងតាមការបញ្ជាក់របស់អ្នកនាងបញ្ចកា បានថ្លែងបញ្ជាក់លើបណ្តាញសង្គមហ្វេសប៊ុក។
អ្នកនាងបានថ្លែងថា កាដូមុនខួបកំណើតគឺជាការឈឺចាប់បំផុតក្នុងជីវិត។ អ្នកនាងថា ស្អែកថ្ងៃខួបកំនើតខ្ញុំ ហើយ តែកាដូរដែរខ្ញុំបានថ្ងៃស្អែក គឺ មន្រ្តីសមត្ថកិច្ច តាមចាប់ មនុស្សដែលខ្ញុំស្រលាញ់ជាងជីវិតទៀត ! នាក់ដែលពិបាក បំផុតពេលនេះគឺ គ្មាននាក់ណាទេ គឺខ្ញុំ! រស់ពិបាកជាងស្លាប់ទៀត! ដោយសារការយល់ច្រឡំ មិនទុកចិត្តរបស់បង ទើប អនាគត និង សុភមង្គលទាំងអស់ ត្រូវបំផ្លាញទាំងអស់! មិនមែន មនុស្សប្រុសម្នាក់នោះស្រលាញ់តែតំបូងទេ តែពេលនោះ គេស្រលាញ់ខ្លាំងពេក ខ្វះការពិចារណា ខ្វះភាពជឿជាក់ ទើប គ្រប់យ៉ាងត្រូវរលាយ ត្រឹមមួយភ្លែត ! លើកនេះមិចមិនរឹងមាំផ្លូវចិត្ត ដូចមុនចឹង! រីករាយថ្ងៃកំណើតPanhchaka June និង ថៅកែ ជូន កាហ្វេ និងជូនចេកអាំង កាម៉ាប់សាច់អាំងឈីស…. I’ll be back soon … keep fighting “ លេចចេញសារសាទរ និងលើកទឹកចិត្តទៅកាន់អ្នកនាង បញ្ចកាជាច្រើនបន្តបន្ទាប់។
បទហិង្សាដោយចេតនាមាត្រា ២១៧ នៃក្រមព្រហ្មទណ្ឌបានបញ្ញត្តថា អំពើហិង្សាប្រព្រឹត្តដោយចេតនាលើអ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ២,០០០,០០០ (ពីរលាន) រៀល ទៅ ៦,០០០,០០០ (ប្រាំមួយលាន) រៀល ។
គួរបញ្ជាក់ដែរថា រឿងរ៉ាវហិង្សាយ៉ាងដំណំទៅលើគូស្នេហ៍ពីសំណាក់តារាសម្តែង អេដវីន បានធ្វើឲ្យកក្រើកពេញបណ្តាញសង្គមហ្វេសប៊ុកចាប់តាំងពីរាត្រីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ ក្រោយពីអ្នកនាងបញ្ចកាបានទម្លាយរូបថតមួយចំនួននៃសភាពរាងកាយដែលរងការវាយដំយ៉ាងធ្ងន់ពីលោក អេដវីន និងសារដ៏ចាក់ដោតមួយចំនួន រហូតលេចចេញសារឆ្លើយឆ្លងចោទប្រកាន់គ្នាជាហូរហែរ។ ក្រោយពីតារាសម្តែង រូបនេះបានទម្លាយរឿងសង្សារមានប្រុសថ្មីនាំមកដេកក្នុងផ្ទះនោះ។ បញ្ហានេះកាន់តែរាលដាលដល់មនុស្សពាក់ព័ន្ធមួយចំនួនដោយ អ្នកនាង បញ្ចកា បានមការបញ្ចេញរូបថតអំពីសារឆ្លើយឆ្លងមួយចំនួនលើរឿងទំនាក់ទំនងស៊ីជម្រៅជាមួយនារីមួយចំនួននោះ៕
ដោយ ៖ វឌ្ឍនា