ភ្នំពេញ៖ ព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះនៅសាលប្រជុំជាន់ទី៣ ខុទ្ទកាល័យអគ្គបញ្ជាការនាក្រុងភ្នំពេញ មានបើកកិច្ចប្រជុំពិភាក្សាអំពីការងាររៀបចំប្រុងប្រៀបចាត់តាំងប្រធាន អនុប្រធាន ក្រុមការងារ និងក្រុមគ្រូពេទ្យកងទ័ព របស់ក្រុមការងារប្រតិបត្តិចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្រសួងការពារជាតិ ដើម្បីចុះទៅផ្តល់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ កម្មករ និយោជិត ក្នុងតំបន់ប្រឈមហានិភ័យខ្ពស់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សហគមន៍ ក្នុងភូមិសាស្ត្រតំបន់មួយចំនួនរបស់ខេត្ត ៦ ដែលរួមមានខេត្តព្រះសីហនុ,កំពង់ស្ពឺ,តាកែវ,កំពង់ចាម,កំពង់ឆ្នាំងនិងខេត្តស្វាយរៀង ទៅតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងសម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ នឹងជាប្រធានប្រតិបត្តិចាក់វ៉ាក់ សាំងការពារជំងឺកូវីដ-១៩ ក្រសួងការពារជាតិ ព្រមទាំងមានការចូលរួមពីសំណាក់ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេសសម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាអគ្គនាយកអគ្គនាយកដ្ឋាននយោបាយនិងកិច្ចការបរទេសក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយកអគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិ,នាយឧត្តមសេនីយ៍ មាស សំអុល អគ្គនាយករងអគ្គនាយកដ្ឋានយោធសេវា និងជានាយកនាយកដ្ឋានបុគ្គលិកក្រសួងការពារជាតិ ព្រមទាំងមានការចូលរួមផងដែរពីសំណាក់អស់លោកជាមេបញ្ជាការគ្រប់បណ្តាអង្គភាពកងទ័ពជើងគោក. ជើងទឹក,ជើងអាកាស.និងមេបញ្ជាការ ក្រុមការងារជំនាញ និងក្រុមគ្រូពេទ្យជំនាញតាមបណ្តាស្ថាប័នអង្គភាពពាក់ព័ន្ធរបស់ក្រុមការងារប្រតិបត្តិចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្រសួងការពារជាតិជាច្រើនរូប ។
កិច្ចប្រជុំនេះ បានផ្តោតសំខាន់ពាក់ព័ន្ធទៅដល់ការ រៀបចំទីតាំង.ក្រុមការងារ.ក្រុមគ្រូពេទ្យបម្រើឲ្យបេសកកម្មនៃយុទ្ធនាការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ កម្មករ និយោជិត ក្នុងតំបន់ភូមិសាស្ត្រខេត្តប្រឈមខ្លាំងទាំង៦ និងកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋានឃុំ ស្រុក ខេត្ត ទាំងនោះដើម្បីដំណើការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋយើងប្រកប ដោយភាពរលូន និងទទួលជោគជ័យ ។
ប្រធានក្រុមការងារប្រតិបត្តិចាក់វ៉ាក់សាំង ក្រសួងការពារជាតិ បានសំណូមពរយ៉ាងទទូចដល់សមាជិកក្រុមការងារប្រតិបត្តិ ទាំងអស់ ក្នុងពេលបំពេញបេសកកម្មផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ តាមបណ្តាខេត្តទាំង៦ ដែលប្រឈមការឆ្លងរាលដាលខ្លាំងជំងឺកូវីដ-១៩ ពេលបំពេញការងារត្រូវប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួនលើវិធានការការពារខ្លួនរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ៣កុំ ៣ការពារ ពិសេសសមាជិកក្រុមការងារនឹងក្រុមគ្រូពេទ្យដែលចុះទៅបំពេញការងារទាំងអស់ ក៏ត្រូវតែពិនិត្យ និងយកសំណាករកមេរោគកូវីដឲ្យបានគ្រប់ៗគ្នា មុនចេញទៅបំពេញ ការងារ ដើម្បីសុខភាពយើងផ្ទាល់ផង និងសុខភាពអ្នកដទៃ ហើយក៏ជាការកាត់ផ្តាច់ការចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ក្នុងសហគមន៍ យើងផងដែរ ៕
ដោយ៖ សូរិយា