ភ្នំពេញ៖ តាមរបាយការណ៍ដាក់ជម្រាបជូន លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំពោះ អំពើពុករលួយ របស់បុគ្គលលោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់ពេញខេត្តកំពង់ធំ បើទោះជាថ្នាក់ដឹកនាំកងរាជអាវុធហត្ថលើផ្ទៃប្រទេស កំពុងមានចំណាត់ការស្រាវជ្រាវក៏ដោយ ក៏អាចអង្គភាពប្រឆាំងអំពើពុករលួយ ចាត់វិធានការក្នុងរឿងនេះ ខណ:បង្កើតអោយមានអំពើពុករលួយ, ភាពអយុត្តិធម៌ក្នុងសង្គម, ការយកតួនាទីភារកិច្ចទៅជម្រិតទារលុយប្រជាពលរដ្ឋ, ការប្រមូលលុយពីការដឹកជញ្ជូនបទល្មើសព្រៃឈើ , ការដើរប្រមូលលុយតាមដេប៉ូឈើ ផ្ទុយពីតួនាទី ភារកិច្ចខ្លួនជាកងកម្លាំងប្រដាប់អាវុធ។ដើម្បីចូលរួមលុបបំបាត់នូវអំពើពុករលួយ , ពិសេសមន្ត្រីអនុវត្តច្បាប់ត្រូវឈរលើកត្តាមូលដ្ឋានគតិយុត្ត អង្គភាព”កាសែតនគរវត្ត”សូមបន្តដកស្រង់ចេញពីរបាយការណ៍ បង្ហាញពីអំពើពុករលួយលោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំបន្ត ដើម្បីអោយថ្នាក់លើធ្វើការថ្លឹងថ្លែង ស្រាវជា្រវ ស្វែងរកការពិតផ្តល់យុត្តិធម៌។
ក្នុងរបាយការណ៍បានបញ្ជាក់បន្តថា, តាមផ្លូវជាតិលេខ៦២ ពីខេត្តព្រះវិហារនិងផ្លូវជាតិលេខ៦ពីខេត្តសៀមរាប គឺគ្រប់គ្រងដឹកនាំដោយ លោកវរៈសេនីយ៍ត្រី ព្រហ្ម វាសនា ជាអនុប្រធានមន្ទីរ លេខទូរស័ព្ទទំនាក់ទំនង 0885588883 សហការណ៍ជាមួយអ្នកសារព័ត៌មាន គ្រប់គ្រង និងរាប់ឡានដឹកឈើធម្មតា និងឈើប្រណីតឆ្លងកាត់ ។ មន្ត្រីបានឃើញមានការចាប់ និងបង្ក្រាបបទល្មើសជាបន្តបន្ទាប់ដូចខាងក្រោមៈ
ក្នុងនោះមាន។
ករណីទី-១ ជាក់ស្ដែងម៉ោង៤.ជិតភ្លឺថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ នៅផ្លូវជាតិលេខ៦២ចំណុចផ្លូវ ចូលប្រាសាទសំបូរព្រៃគុក ភូមិកូនត្នោត ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ លោក ព្រហ្ម វាសនា ដឹកនាំកម្លាំង ចុះចាប់រថយន្តសាំងយ៉ុង១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2E-6052 ពណ៌ទឹកប្រាក់ដឹកឈើប្រណិតចេញពី ដេប៉ូ ឈ្មោះ រ៉យ ប៊ុនរ៉ុង នៅភូមិតាឡែក ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ម្ចាស់ដេប៉ូឈើបានសម្រួលគ្នាតាមផ្លូវត្រូវរ៉ូវ ជាមួយលោក ឃុន ប៊ុនហូ រួចហើយ គាត់បានបញ្ជាទៅលោក ព្រហ្ម វាសនា ឲ្យដោះលែងឡាននោះទៅវិញ។ ក្នុងមានទាំងរូបឡានដឹកឈើប្រណិតចាប់បាន ហើយលោក ឃុន ប៊ុនហូ បញ្ជាដោះលែង។
ករណីទី-២ នៅម៉ោងប្រហែ២០.០០នាទីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ កំលាំង អហ ខេត្តចំនួន: ០៤នាក់ ក្រោមការបញ្ជាផ្ទាល់មាត់របស់លោក ឃុន ប៊ុនហូ មេបញ្ជារងការរងទទួលជំនាញ បញ្ជាឲ្យលោក វរៈសេនីយ៍ត្រី ព្រហ្ម វាសនា អនុប្រធានមន្ទីរស្រាវជ្រាវ ព័ត៌មានសន្តិសុខនាំកម្លាំងចេញស្ទាក់ចាប់រថយន្ត:០១គ្រឿងម៉ាកហាយឡិនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ: ភ្នំពេញ២AA -៧៨០៦ ដឹកឈើប្រណីតប្រភេទធ្នង់ ចំនួន: ១៩ដុំ ( តាមចម្លើយ តៃកុងរថយន្ត ) ជាក់ស្ដែងឃើញសល់តែ ១១ដុំ ដកចេញ៨ដុំ។ ក្នុង ១១ដុំ មានប្រវែង ២ម៉ែត្រចំនួន:០៩ដុំ និង ១ម៉ែត្រ ចំនួន:០២ដុំ ។ សម្រួលតាមផ្លូវមិនត្រូវ លោក ឃុន ប៊ុនហូ បញ្ជាឲ្យលោកព្រហ្ម វាសនា ឃាត់ខ្លួនមនុស្ស ចំនួន:០២នាក់ យកមកវាយខ្នោះឃាត់ខ្លួនដាក់នៅក្នុងបន្ទប់ធ្វើការរបស់លោក ព្រហ្ម វាសនា ( ដាក់ខ្នោះដៃជាប់គ្នា ២នាក់) ចាប់ពីម៉ោង២១.៣៤នាទីថ្ងៃទី១៣ ខែឧសភា រហូតដល់ព្រឹកម៉ោង០៧.០២នាទី ថ្ងៃទី១៤ខែឧសភា ឆ្នាំ២០២១ ទើបឃើញលោក វរៈសេនីយ៍ត្រី ជុំ.សាមុត នាយការិយាល័យ ផែនការ ស្រាវជ្រាវ និងវិភាគ មកចាក់ សោរបើកទ្វារបន្ទប់យកទៅសាកសួរចម្លើយ ។ ករណីនេះ នៅថ្ងៃបន្ទាប់លែងមនុស្សឲ្យត្រឡប់ទៅលំនៅឋានវិញ ប្រគល់ឈើចំនួន១១ដុំឲ្យទៅជំនាញរដ្ឋបាលព្រៃឈើ ដកឈើល្អ៨ដុំទុក ។ ដោយដាក់ក្នុងកំណត់ហេតុថាៈ អញ្ញតជន (ជនល្មើសគេចខ្លួនបាត់) ស្នើសុំទៅព្រះរាជអាជ្ញារក្សារថយន្ត ទុកនៅអង្គភាពអាវុធហត្ថខេត្តដើម្បី ស្រាវជ្រាវបន្ត ក្រោយមកបាត់រថយន្តនេះពីអង្គភាព ។ ករណីនេះ ជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរបំផុត។
ករណីទី-៣ ការរំលោភលើលំនៅឋានៈ
នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ លោក ឃុន ប៊ុនហូ បញ្ជាឲ្យលោក ព្រហ្ម វាសនា អនុប្រធានមន្ទីរ ស្រាវជ្រាវព័ត៌មានសន្តិសុខ ដែលមិនមែនជានគរបាលយុត្តិធម៌ សហការណ៍ជាមួយអ្នកកាសែត ដឹកនាំកម្លាំង ចូលទៅឆែកឆេរក្នុងបរិវេណផ្ទះប្រជាពលរដ្ឋឈ្មោះ ធឹម ធីន នៅភូមិក្រសាំង ឃុំពពក ស្រុកស្ទោងចោទថាៈ ឈូស ឆាយដីព្រៃ រួចដកយកត្រាក់ទរ័គេចតទុកក្នុងផ្ទះមិនមានធ្វើសកម្មភាពអីនោះផង ទាំងដោយគ្មានវត្តមានម្ចាស់ផ្ទះ គ្មាន អាជ្ញាធរ និងមន្រ្តីរដ្ឋបាលព្រៃឈើចូលរួម គ្មានធ្វើកំណត់ហេតុ យកមកឲ្យអ្នកកាសែតជំរឹតទាប្រាក់ពីម្ចាស់ ត្រាក់ទ័រចំនួន១៥០០ដុល្លារ មិនបាន ក៏យកត្រាក់ទ័រនោះមករក្សាទុកនៅ មូលដ្ឋានកងរាជអាវុហត្ថស្រុកស្ទោង។ ដល់ ស្អែកឡើងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ លោក ព្រហ្ម វាសនា ធ្វើកំណត់ហេតុប្រគល់ឲ្យទៅឲ្យនាយសង្កាត់រដ្ឋបាលព្រៃឈើស្ទោង ដោយធ្វើកំណត់ហេតុមិនច្បាស់លាស់ (ដូចមានក្នុងរូបភាពភ្ជាប់) ករណីនេះ ជនរងគ្រោះ ឈ្មោះ ធឹម ធីន កំពុងធ្វើបណ្តឹងតាមរយៈអាជ្ញាធរដែនដី មកលោកអភិបាលខេត្ត ។
ករណីទី-៤ ការចុះចាប់ម៉ិចស្កាវ័គទ័រ មានលិខិតអនុញ្ញាតពីខេត្ត គឺនៅយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ លោក ឃុន ប៊ុនហូ បានបញ្ជាឲ្យលោក ព្រហ្ម វាសនា ជាអនុ ប្រធានមន្ទីរ លេខទូរស័ព្ទ 0885588883 សហការណ៍ជាមួយអ្នកសារព័ត៌មាន និងលោក ថាន់ ប៊ុនថេង មេបញ្ជាការរង អហ ស្រុកស្ទោង(ប្អូនថ្លៃ) រួមជាមួយអ្នកសារព័ត៌មាន ចុះទៅចាប់យកអ៊ិចស្តាវ័គទ័រ មានលិខិតអនុញ្ញាតច្បាប់ពីលោកអភិបាលខេត្ត ចតទុកចោលមិនបានធ្វើសកម្មភាព អ្វីសោះ នៅចំណុចបង្គោលកី ឃុំសំព្រោជ ស្រុកស្ទោង ជំរឹតទារប្រាក់ចំនួន ១៥០០ដុល្លារ មេការអ៊ិចស្តាវ័គទ័រសុំចុះបានត្រឹម ៥លានរៀល វេលុយតាមវីង ឲ្យលោក ព្រហ្ម វាសនា តាមលេខ 0885588883 ដូចមានភ្ជាប់ជាមួយ លិខិតអនុញ្ញាត ច្បាប់ និងក្រដាសវីងវេលុយ។
ពាក់ព័ន្ធករណីខាងអង្គភាព”កាសែតនគរវត្ត”មិនអាចទាក់ទងសុំការបំភ្លឺបានទេពីលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ តាមទូរស័ព្ទលោកបញ្ជាក់ថា, កំពុងជាប់រវល់ប្រជុំបន្តិច មិនអាចទាន់និយាយកើតទេ ។ ដោយឡែកលោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ តែងតែបញ្ជាក់ថាលោកមិនបានប្រព្រឹត្ត មិនបានដឹង ហើយថ្នាក់លើក៏មិនអោយលោកបកស្រាយប្រាប់អ្នកសារព័ត៌មានដែរ គឺអោយទូរស័ព្ទទៅសួរនាំ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃ ។
អង្គភាព”កាសែតនគរវត្ត”នឹងបន្តដកស្រង់ពីរបាយការណ៍នេះបន្តទៀតនៅពេលក្រោយ ជុំវិញអំពើពុករលួយរបស់ លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ តាមរបាយការណ៍ដាក់ជម្រាបជូន លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស៕
ដោយ៖ សុខ ខេមរា