ក្រុមអ្នកវេជ្ជសាស្ត្ររបស់អង្គការសុខភាពពិភពលោក WHO បានព្រមានថា វីរុសកូវីដ-១៩បម្លែងថ្មី ប្រភេទ B.1.617-2 (Delta) ដែលរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌាកំពុងក្លាយទៅជាចំណុចឆ្លងថ្មីនៅទូទាំងពិភពលោក។
មានប្រសាសន៍នៅក្នុងសន្និសីទកាសែតនាថ្ងៃទី ១៨ខែមិថុនា ក្រុមអ្នកវិទ្យាសាស្ត្ររបស់ WHO លោកស្រី Soumya Swaminathan បានប្រកាសថាវីរុសបម្លែងថ្មី កំពុងតែឆ្លងរាលដាលយ៉ាងខ្លាំងនៅលើពិភពលោកគួរឲ្យបារម្ភបំផុត ដោយមានប្រទេសជាច្រើនបានឆ្លងវីរុសថ្មីនេះ។
ប្រទេសអង់គ្លេស ក៏បានព្រមានពីការឆ្លងកើនឡើងប្រភេទវីរុស B.1.617-2 (Delta) ។ ចំណែកនៅក្នុងប្រទេសរុស្ស៊ី ចំនួនអ្នកឆ្លងកូវីដ-១៩ កើនឡើងខ្ពស់ក្នុងរដ្ឋធានីមូស្គូ ភាគច្រើនឆ្លង B.1.617-2 (Delta) បង្កក្តីបារម្ភយ៉ាងខ្លាំងពីរលកកូវីដ-១៩ លើកទីបី។ ក្នុងពេលជាមួយគ្នានេះ មន្ត្រីសុខាភិបាលរបស់ប្រទេសអាល្លឺម៉ង់ កីបានប្រកាសថា វីរុស B.1.617-2 (Delta) កំពុងក្លាយជាឧបសគ្គយ៉ាងធំធេងដល់ប្រទេសនេះ បើទោះបីបានចាក់វ៉ាក់សំាងកូវីដ-១៩ ច្រើនហើយក្តី។
នៅក្នុងសន្និសីទកាសែតនៅសេតវិមានកាលពីថ្ងៃទី១៨ខែមិថុនា ប្រធានាធិបតីអាមេរិកលោកចូ បៃឌិនបានព្រមានថា វិរុសបម្លែងខ្លួនថ្មី B.1.617-2 (Delta) ងាយឆ្លង និងបង្កគ្រោះថ្នាក់ដល់មនុស្សវ័យក្មេង។ ដូច្នេះប្រធានាធិបតីអាមេរិកអំពាវនាវដល់ពលរដ្ឋត្រូវទៅចាក់វ៉ាក់សំាងឲ្យបានឆាប់បំផុតដែលអាចធ្វើទៅបាន៕
ដោយ៖ ធីរីណា(រូបភាព៖AP)