ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់និងមិត្តភក្តិ៣នាក់ដើរទៅបាញ់សត្វ ត្រូវន្ទះបាញ់រងរបួសធ្ងន់ ឯមិត្តភក្តិព្រលឹងនៅចុងសក់

ចែករំលែក៖

ខេត្តបាត់ដំបង៖ តាមរបាយការណ៍របស់លោកវរសេនីយ៍ទោ អ៉ឹង សុវណ្ណ អធិការនគរបាលរងស្រុកថ្មគោលបានប្រាប់ឲ្យដឹងថា មានករណីរន្ទះបាញ់១លើកកើតឡើងនៅរសៀលថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២១ ត្រង់ចំណុចក្រុមទី ១៤ ភូមិកៀនកែស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង បណ្តាលឲ្យយុវជនម្នាក់រងរបួសធ្ងន់និងមិត្តភក្តិ៣នាក់ទៀតដែលដើរទៅជាមួយព្រលឹងនៅចុងសក់។

 លោកអធិការរងស្រុកបានបន្តថា យុវជនរងគ្រោះដែលរងរបួសធ្ងន់ខាងលើមានឈ្មោះ សារី ថងឌី ហៅសុខ ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅក្នុងក្រុមទី ០៣ ភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល។

បើតាមប្រភពពីលោកអធិការរងបានបញ្ជាក់ឲ្យដឹងបន្ថែមថា មុនពេលកើតហេតុជនរងគ្រោះ និងមិត្តភក្តិចំនួន ៣នាក់បានចេញទៅវាលស្រែដើម្បីបាញ់សត្វ។ លុះដើរបានបន្តិចស្រាប់តែមេឃស្រទុំរកភ្លៀង រួចហើយក៏នាំគ្នាវិលត្រឡប់មកផ្ទះវិញ តែខណ:មកដល់ពាក់កណ្តាលផ្លូវស្រាប់តែភ្លៀងធ្លាក់ខ្លាំងទៅៗ។ ភ្លាមៗនោះក៏មានរន្ទះបានបាញ់ត្រូវពីក្រោយខ្នងជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ត្រូវក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យស្រុកតែម្តង។ ឯមិត្តភក្តិ៣នាក់ទៀតចាកផុតពីគ្រោះថ្នាក់តែព្រលឹងនៅចុងសក់។

បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកថ្មគោល៕

ដោយ៖ ស សារ៉េត


ចែករំលែក៖