ខេត្តកណ្តាល៖ បុរសម្នាក់រួមដំណើរជាមួយស្ត្រីម្នាក់ទៀតបានបើករថយន្ត Lexus GS 300 យ៉ាងលឿនជ្រុលចង្កូតទៅបុកចូលផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យបែកផើងផ្កា ទ្វារផ្ទះ រួមទាំងសម្ភារមួយចំនួនទៀត និងបណ្តាលឱ្យរងរបួសបុរសជាអ្នកបើកបរ ចំណែកឯស្ត្រីរួមដំណើរជាមួយបានរត់ចេញពីកន្លែងកើតហេតុបាត់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចភ្លើងស្តុបព្រែកហូរ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១១៥ សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក Lexus GS300 ពណ៌ខ្មៅ ពាក់ស្លាកភ្នំពេញ 2C-4426 បើកបរដោយបុរសម្នាក់ និងមានស្ត្រីម្នាក់រួមដំណើរជាមួយ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១១៥ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុបានជ្រុលចង្កូតទៅបុករះផើងផ្កា និងទ្វារផ្ទះប្រជាពលរដ្ឋ ចំណែកឯរថយន្តបង្កខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងតាខ្មៅបានចុះមកដល់ស្ទូចយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋានក្រុងតាខ្មៅរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ ជ្រោយពេជ្រ