ខេត្តស្ទឹងត្រែង ៖ រដ្ឋបាលខេត្តស្ទឹងត្រែង សូមប្រកាសជូនដំណឹងជាបន្ទាន់ដល់សាធារណជន និងពុកម៉ែ បងប្អូន ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង មេត្តាជ្រាបថា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យ ជំនាញរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានស្រាវជ្រាវរកអ្នកដែលមានការពាក់ព័ន្ធនឹងករណី វិជ្ជមានកើតឡើងនៅក្នុងខេត្តរតនគិរីកន្លងមកថ្មីៗនេះ ដែលបានធ្វើដំណើរចូលមកខេត្តស្ទឹងត្រែងវិញ ដោយបានរកឃើញមានករណី វិជ្ជមានជំងឺកូវីដ-១៩ លើប្រជាពលរដ្ឋ ១នាក់ មានឈ្មោះ សូ វីន ភេទ ប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មានអាសយដ្ឋាននៅ ភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្ត ស្ទឹងត្រែង មានមុខរបរជាអ្នកកាប់ជ្រូកលក់សាច់ផ្គត់ផ្គង់នៅផ្សារសាមគ្គីស្ទឹងត្រែង។ អ្នកវិជ្ជមាននេះធ្លាប់ បានទៅទីតាំងមានករណីផ្ទុះជំងឺកូវីដ-១៩ មួយកន្លែងក្នុងខេត្តរតនគិរី។ នៅពេលគាត់ត្រឡប់មកដល់ ខេត្តស្ទឹងត្រែងវិញ អ្នកវិជ្ជមានរូបនេះ បានទៅទីតាំងមានមនុស្សច្រើនសំខាន់ៗ ០២កន្លែង គឺនៅទីតាំង សត្តឃាតដ្ឋានក្នុងក្រុងស្ទឹងត្រែង និងទីតាំងជួបជុំម្ដុំផ្ទះឈ្មោះហៅក្រៅ តារ៉ូត ប្រពន្ធឈ្មោះ ជា សាវឿន ស្ថិតនៅភូមិរាជានុកូល (ចំណុចគីឡូម៉ែត្រ៤) សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
រដ្ឋបាលខេត្ត សូមអំពាវនាវ និងជូនដំណឹងជាការប្រញាប់ដល់បងប្អូនប្រជាពលរដ្ឋ ដែលមាន ការពាក់ព័ន្ធនឹងឈ្មោះ សូ វិន ភេទប្រុស អាយុ៣៨ឆ្នាំ ដែលវិជ្ជមានជំងឺកូវីដ-១៩ខាងលើ ទំនាក់ទំនងជា បន្ទាន់មកក្រុមការងារគ្រូពេទ្យជំនាញ តាមរយៈលេខទូរសព្ទលេខ 088 636 3689 ឬ 088 877 8000 ឬ 017 788 000 ឬ 097 263 0564 ដើម្បីយកសំណាកវិភាគរកជំងឺកូវីដ-១៩ បានទាន់ពេលវេលា និង ទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍មូលដ្ឋានខេត្ត ព្រមទាំងចូលរួមអនុវត្តនូវវិធានការ “៣ការពារ និង៣កុំ- ឲ្យបានខ្ជាប់ខ្ជួនគ្រប់ៗគ្នា។
អាស្រ័យដូចបានជម្រាបជូនដំណឹងខាងលើនេះ សូមប្រជាពលរដ្ឋ សាធារណជន និងគ្រប់អ្នក ពាក់ព័ន្ធទទួលជ្រាប និងចូលរួមអនុវត្តតាមការជូនដំណឹងឲ្យបានជាការប្រញាប់បំផុត។
រដ្ឋបាលខេត្ត មានក្តីសង្ឃឹមថាគ្រប់អ្នកពាក់ព័ន្ធទាំងអស់ នឹងមានកិច្ចសហការល្អជាមួយក្រុម ការងារជំនាញរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្ទឹងត្រែង៕
ដោយ៖ សិលា