កម្លាំងប៉ូលិសបារាំងបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកពិធីជប់លៀងខុសច្បាប់មួយនៅក្នុងតំបន់ Redon ភាគខាងលិចប្រទេសបារាំង។ អំពើហិង្សាបានកើតឡើង ក្រោយពេលក្រុមអ្នកចូលរួមពិធីជប់លៀងខុសច្បាប់ បានគប់ដុំថ្ម គ្រាប់បែកសាំងទៅលើកម្លាំងប៉ូលិស ។
តាមការលើកឡើងរបស់មន្ត្រីបារាំង បានឱ្យដឹងថា មានប៉ូលិស៥នាក់រងរបួស និងអ្នកចូលរួមពិធីជប់លៀង២នាក់ផងដែរ ក្នុងនោះមានយុវជនម្នាក់ដាច់ដៃម្ខាង។ ភាពចលាចលបានកើតឡើង នៅយប់ថ្ងៃទី១៨ខែមិថុនា ពេលមនុស្សជាច្រើនបានជួបជុំគ្នាជប់លៀងមិនខ្វល់ពីច្បាប់បម្រាមគោចរចាប់ពីម៉ោង២៣ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩នោះឡើយ។
កម្លាំងប៉ូលិសបានឱ្យដឹងថា យើងត្រូវបង្ខំចិត្តបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកពិធីជប់លៀងនោះ ។ ប៉ុន្តែក្រុមអ្នកចូលរួមពិធីនោះក៏បានវាយបកទៅលើកម្លាំងសន្តិសុខដោយគប់ដុំថ្ម គ្រាប់បែកសាំង បង្កឲ្យមានភាពចលាចលកើតឡើងរយៈពេលជាង៧ម៉ោង ។
កម្លាំងប៉ូលិសប្រមាណ៤០០នាក់បានបញ្ជូនទៅកាន់កន្លែងកើតហេតុដើម្បីរក្សាសណ្តាប់ធ្នាប់ ។ ភាពចលាចលបានអូសបន្លាយដល់ល្ងាចថ្ងៃទី១៩ ខែមិថុនា ក្នុងតំបន់ Redon ។ ជាមួយគ្នានេះដែរកម្លាំងប៉ូលិសក៏បានចាប់ខ្លួនមនុស្ស៥នាក់ដែលបង្កហិង្សា។
អ្នករៀបចំពិធីជប់លៀងបានលើកឡើងថា កម្លាំងប៉ូលិសបានជ្រើសរើសវិធីសាស្ត្រហិង្សាក្នុងការដោះស្រាយជាជាងពិភាក្សាដោយសន្តិភាព ។ បើកម្លាំងប៉ូលិសមិនប្រើឧស្ម័នបង្ហូរទឹកភ្នែកក៏មិនមានរឿងបែបនេះកើតឡើងនោះដែរ៕ដោយ៖ធីរីណា
រូបភាព៖AP