មានហេតុការណ៍បាក់ស្រុតសាលារៀននៅក្នុងទីក្រុង Antwerp ប្រទេសបែលហ្ស៊ិកបណ្តាលឲ្យមនុស្ស៥នាក់ស្លាប់និង៩នាក់ទៀតរងរបួស។ ភ្លាមៗនោះព្រះមហាក្សត្រ Philippe និងនាយករដ្ឋមន្ត្រីបែលហ្ស៊ិកលោក Alexander De Croo បានទៅកាន់កន្លែងកើតហេតុដើម្បីត្រួតពិនិត្យស្ថានភាព។
នៅថ្ងៃទី១៩ ខែមិថុនា ក្រុមពន្លត់អគ្គិភ័យទីក្រុងAntwerp ប្រទេសបែលហ្ស៊ិក បានឱ្យដឹងថា បានរកឃើញសាកសព២នាក់នៅក្រោមគំនរអគារបាក់បែក ធ្វើឲ្យអ្នកស្លាប់កើនឡើងដល់៥នាក់។ ការដ្ឋានសាងសង់សាលារៀនបានបាក់ស្រុតកាលពីថ្ងៃទី១៨ ខែមិថុនា ។ ជនរងគ្រោះគឺជាកម្មករសាងសង់សាលារៀន។
កម្លាំងប៉ូលិសបានឱ្យដឹងថា សាកសពពីរនាក់បានស្គាល់អត្តសញ្ញាណ គឺជនជាតិព័រទុយហ្គាល់ និង រ៉ូម៉ានី ចំណែក៣នាក់ទៀតមិនទាន់ដឹងអត្តសញ្ញាណនៅឡើយទេ។ នៅពេលនេះកម្លាំងប៉ូលិសកំពុងស្វែងរកជនជាតិរុស្ស៊ីម្នាក់និងព័រទុយហ្គាល់២នាក់ផ្សេងទៀតដែលនៅបាត់ខ្លួននៅឡើយ។
កម្លាំងប៉ូលិសបែលហ្សុិកបានឱ្យដឹងថា ក្រៅពីអ្នកស្លាប់នៅមានមនុស្ស ៩នាក់ផ្សេងទៀតរងរបួស ក្នុងនោះមាន៣នាក់របួសធ្ងន់ត្រូវសង្គ្រោះបន្ទាន់។ មូលហេតុបណ្តាលឲ្យបាក់ស្រុតការដ្ឋានសាងសង់សាលារៀននៅមិនទាន់ដឹងនៅឡើយទេ។ ការដ្ឋាននោះសាងសង់ដោយក្រុមហ៊ុន Democo ។
ព្រះមហាក្សត្រPhilippe និងនាយករដ្ឋមន្ត្រី Alexander De Croo បានទៅកាន់កន្លែងកើតហេតុនៅថ្ងៃទី១៩ ខែមិថុនា ដើម្បីត្រួតពិនិត្យស្ថាភាពជាក់ស្តែង៕ដោយ៖ធីរីណា
កន្លែងគ្រោះថ្នាក់នៅថ្ងៃទី ១៨ មិថុនានៅបែលហ្ស៊ិកដែលបានសម្លាប់កម្មករ ៥ នាក់និងរងរបួសជាច្រើននាក់ទៀត។ (រូបភាព៖AFP )