ភ្នំពេញ៖ ទីតាំងសង្វៀនបញ្ជល់មាន់ដ៏ធំមួយដែលល្បីដល់អ្នកញៀនល្បែងបញ្ជល់មាន់ក្នុងរាជធានីខេត្តមកលេងភ្លូកទឹកភ្លូកដីមានអ្នកចាញ់និងឈ្នះក្នុងមួយថ្ងៃៗវាល់លានរៀលត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបកាលពីរសៀល ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្ទះជួលមួយកន្លែងជាប់ផ្លូវរថភ្លេីង ក្នុងភូមិប៉ប្រកខាងជេីង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។
ប្រជាពលរដ្ឋបានបង្ហេីបថា កន្លងមកក្រុមអ្នកលេងល្បែងបញ្ជល់មាន់ទាំងនោះបានយកដេីមចាមរីធ្វេីជាជម្រក តែពេលនេះបានផ្លាស់ប្តូរដោយលេងខាងក្រោយផ្ទះវិញតែមិនឆ្ងាយពីគ្នាប៉ុន្មានទេ ។ ទីតាំងខាងលេីមានទាំងការបញ្ជល់មាន់តាមអនឡាញ និងសង្វៀនចាប់មាន់បញ្ជល់ទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានស្ត្រីម្នាក់ជាអ្នកចាំមេីលផ្លូវផង ហេីយក៏ជាម្ចាស់ទីតាំងដែរ។
ក្នុងមួយថ្ងៃៗគេសង្កេតឃេីញថា ក្រុមអ្នកញៀនល្បែងបញ្ជល់មាន់នេះបានមកលេងជាហូរហែយ៉ាងច្រេីនកុះករដូចគេហែបុណ្យកឋិនដោយមិនខ្លាចការឆ្លងជំងឺកូវីដ-១៩សោះឡើយ។
ក្រោយពីបណ្តាញព័ត៌មានក្នុងស្រុកមួយចំនួនបានចេញផ្សាយនោះ ស្រាប់តែនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះកម្លាំងនគរបាលបានចុះបង្ក្រាបតែម្តង ជាលទ្ធផលចាប់បានម៉ូតូចំនួន៣គ្រឿងមាន់ជល់៣ក្បាល ចំណែកអ្នកញៀនល្បែងទាំងនោះរត់គេចខ្លួនអស់៕
ដោយ៖សុខាសែនជ័យ