ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងម៉ូតូកង់បី ដោយសារតែការបើកបរខ្វះការប្រុងប្រយ័ត្ន

ចែករំលែក៖

ភ្នំពេញ ៖​ រថយន្តស៊េរីទំនើបម៉ាកFord  Ranger បានបុកគ្នាយ៉ាងពេញទំហឹងជាមួយនឹងម៉ូតូកង់បីកែច្នៃប្រភេទដឹក ទំនិញមួយគ្រឿងបណ្ដាលឲ្យរថយន្តរងការខូចខាតមួយកំណាត់ខាងមុខ តែសំណាងល្អមិនបង្កឲ្យមានមនុស្សរងរបួសឡើយ។ 

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១១និង៣០នាទី ថ្ងៃត្រង់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នៅត្រង់ចំណុចផ្លូវបែកជាបួនក្នុងតំបន់បឹងកក់ផ្លូវR8 ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ 

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញនារីម្នាក់បើកបររថយន្តស៊េរីទំនើបម៉ាក Ford ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ​ 2AR – 6356 ធ្វើដំណើរតាមបណ្តោយផ្លូវR8ក្នុងទិសដៅពីកេីតទៅលិច លុះមកដល់ចំណុចកើតហេតុបានបុកគ្នាពេញទំហឹងជាមួយម៉ូតូកង់បីកែច្នៃប្រភេទដឹកទំនិញបេីកបរដោយយុវជនវ័យក្មេងម្នាក់ក្នុងទិសដៅបញ្ច្រាសគ្នាពីជេីងទៅត្បូង។ 

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកន្លែងដែលកើតហេតុ ធ្វើការវាស់វែងនិងនាំយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖