ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកមុខកំពូលឃាត់ខ្លួនក្រុមអ្នកសារព័ត៌មាន៦នាក់ពាក់ព័ន្ធគំរាមកំហែងទារប្រាក់

ចែករំលែក៖

ខេត្តកណ្ដាល៖ ក្រុមអ្នកសារព័ត៌មានចំនួន៦នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកមុខកំពូលឃាត់ខ្លួនពាក់ព័ន្ធករណីគំរាមកំហែងទារប្រាក់ពីពលរដ្ឋលក់កាហ្វេមួយកន្លែងស្ថិតនៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល កាលពីថ្ងៃទី១៩ ខែមិថុនាឆ្នាំ២០២១ វេលាម៉ោង១៥និង៣០នាទី ។

     មន្ត្រីនគរបាលស្រុកមុខកំពូលបានឱ្យដឹងថា ក្រុមជនសង្ស័យចំនួន៦នាក់​ស្រី១នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន គឺ៖

១-ឈ្មោះ ស៊ូ ស្រីលាភ ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកសារព័ត៌មាន(ម្ចាស់អាជ្ញាប័ណ្ណសារព័ត៌មាន BATI TV NEWS),

២-ឈ្មោះ ចាន់ ឫទ្ធី ភេទប្រុស អាយុ៣៩ឆ្នាំជនជាតិខ្មែរ មុខរបរអ្នកសារព័ត៌មាន មានទីលំនៅបច្ចុប្បន្ន ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(ជាសមាជិក),

៣-ឈ្មោះ ផន ថា ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរមុខរបរអ្នកសារព័ត៌មាន​ មានទីលំនៅបច្ចុប្បន្ន ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(ជាសមាជិក),

៤-ឈ្មោះ ច្រុង សុខនី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកសារព័ត៌មាន មានទីលំនៅបច្ចុប្បន្ន ភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ(ជាសមាជិក),

៥-ឈ្មោះ ប្រាក់ បេន ភេទប្រុស អាយុ៤២ឆ្នាំជនជាតិខ្មែរ មុខរបរអ្នកសារព័ត៌មានមានទីលំនៅបច្ចុប្បន្ន ភូមិកណ្ដាល សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(ជាសមាជិក),

៦-ឈ្មោះ អ៊ុក ឡា ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុបមានទីលំនៅបច្ចុប្បន្ន ភូមិត្នោតជ្រៃ សង្កាត់បឹងទំពុន ខណ្ឌចំការមន រាជធានីភ្នំពេញ(ជាសមាជិក)។ 

វត្ថុតាងចាប់យកម៉ូតូ៣គ្រឿង,ទូរស័ព្ទ៥គ្រឿង,បណ្ណសម្គាល់ខ្លួនសារពត៌មានចំនួន៦សន្លឹក, លិខិតបំពេញបេសកកម្មចំនួន៤ច្បាប់,​ជើងដែកសម្រាប់ដាក់ទូរស័ព្ទឡាយចំនួន២, ម៉ៃក្រូហ្វូនចំនួន២,វ៉ាលិសយួរពណ៌ខ្មៅចំនួន១។

     ប្រភពដដែលបន្តថា នៅថ្ងៃទី១៩ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៥និ៣០នាទី ក្រោយពីទទួលបានព័ត៌មានថាមានករណីគំរាមកំហែងទារប្រាក់រួចមក លោកវរសេនីយ៍ឯក ឯក លន់ អធិការនគរបាលស្រុកមុខកំពូល បានដឹកនាំកម្លាំងអន្តរាគមន៍សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញ ចុះទៅកន្លែងកើតហេតុ ហើយក៏បានឃើញជនសង្ស័យទាំង៦នាក់ខាងលើឡាយវីដេអូនៅមុខប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញ ហើយកម្លាំងយើងក៏បាននាំខ្លួនជនសង្ស័យទាំង៦នាក់និងវត្ថុតាងខាងលើយកទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុក។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា នៅថ្ងៃទី១៩ខែមិថុនា២០២១ វេលាម៉ោង១២៖០០នាទីខ្លួនទាំង០៦នាក់បានជិះម៉ូតូចំនួន០៣គ្រឿងខាងលើ ចេញពីសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្នុងគោលបំណងមកផ្ទះឈ្មោះ បារាំង នៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ដោយកម្លាំងផ្ដល់ព័ត៌មានរបស់ខ្លួនប្រាប់ថា នៅផ្ទះនេះមានលេងល្បែងស៊ីសងបញ្ជល់មាន់តាមអនឡាញ ។

ពេលជនសង្ស័យទាំង៦នាក់មកដល់ក្នុងវត្តបុប្ផារាមហៅវត្តព្រែកអញ្ចាញក៏នាំគ្នាឈប់ម៉ូតូនៅក្នុងវត្តនោះ ហើយជនសង្ស័យឈ្មោះ ចាន់ ឫទ្ធី បានប្រាប់ទៅជនសង្ស័យឈ្មោះ អ៊ុក ឡា ថា ពេលទៅដល់ផ្ទះឈ្មោះ បារាំង ត្រូវទារប្រាក់ពីឈ្មោះបារាំងចំនួន១០០ដុល្លារ បើមិនបានប្រាក់ចំនួន១០០ដុល្លារទេ គឺមិនព្រមឡើយ ។និយាយគ្នាហើយជនសង្ស័យទាំង០៦នាក់ ក៏នាំគ្នាជិះម៉ូតូទៅផ្ទះរបស់ឈ្មោះ បារាំង។ ពេលទៅដល់ក៏នាំគ្នាឈប់នៅក្រោមដើមខ្វិតក្បែរផ្ទះនោះ ហើយក៏នាំគ្នាដើរចុះដើរឡើង ពេលនោះឈ្មោះបារាំង ក៏ចេញមកសួរថា បងឯងជាអ្នកសារព័ត៌មានឬ? ហើយជនសង្ស័យឈ្មោះ អ៊ុក ឡា ក៏ឆ្លើយទៅវិញថា  ខ្ញុំជាអ្នកសារព័ត៌មាន។ ពេលនោះឈ្មោះបារាំងក៏ប្រាប់ថា អ៊ីចឹងបងឯងយកប្រាក់២០ដុល្លារទៅដើម្បីចាក់សាំង ខ្ញុំអត់មានលេងអីទេខ្ញុំលក់តែកាហ្វេ តែជនសង្ស័យមិនយកហើយក៏ប្រាប់ទៅឈ្មោះបារាំងវិញថា ទាល់តែ១០០ដុល្លារបានយក បើមិនបាន១០០ដុល្លារអត់យកទេ។បន្ទាប់មកជនសង្ស័យទាំង០៦នាក់ក៏នាំគ្នាជិះម៉ូតូចេញទៅបាត់ បាន៣០នាទីក្រោយមកជនសង្ស័យទាំង០៦នាក់ក៏នាំគ្នាជិះម៉ូតូទៅទីនោះម្ដងទៀតដើម្បីទារប្រាក់ពីឈ្មោះបារាំង ពេលទារប្រាក់មិនបាន ក៏នាំគ្នាមកឈរឡាយវីដេអូនៅមុខប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញតែម្ដង។

     ចំពោះជនសង្ស័យទាំង០៦នាក់ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋានគរបាលស្រុកមុខកំពូល។

     ករណីនេះជំនាញនិងប៉ុស្តិ៍កំពុងកសាងសំណុំរឿងដើម្បីបន្តចាត់ការតាមនីតិវិធី៕

ដោយ៖ស្អាងជ័យ


ចែករំលែក៖