ភ្នំពេញ ៖ យុវជនម្នាក់បានជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនហេីយជ្រុលទៅបុករថយន្តស៊េរីថ្មីស្រឡាងមួយគ្រឿងកំពុងឆ្លងកាត់ទទឹងផ្លូវបណ្ដាលឲ្យដួលរងរបួសធ្ងន់ និងត្រូវបានប្រជាពលរដ្ឋដឹកតាមរ៉ឺម៉កកង់បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនភ្លាមៗ កាលពីវេលាម៉ោង១២ និង២០នាទីថ្ងៃត្រង់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ នៅតាមផ្លូវបេតុងទួលពង្រ ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ខាងលេីបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់រួមដំណើរជាមួយនឹងស្ត្រីម្នាក់បើករថយន្តស៊េរីថ្មីស្រឡាងមួយគ្រឿង ម៉ាក Camry ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2N-1968 ធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងព្រៃសទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុក៏បានបត់ឆ្វេងបំរុងចូលបុរី ស្របពេលនោះក៏មានយុវជនម្នាក់អាយុប្រហែល១៦ឆ្នាំបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1H-4696 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងព្រៃស ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនមិនប្រយ័ត្ននិងចាប់ហ្រ្វ័ងមិនទាន់ជ្រុលទៅបុករថយន្ដចំពាក់កណ្ដាលពេញទំហឹង បណ្ដាលឱ្យយុវជនម្នាក់ជាអ្នកជិះម៉ូតូរងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋបានហៅរ៉ឺម៉កកង់បីដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនភ្លាមៗ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោបានចុះទៅធ្វើការវាស់វែងយករថយន្តនិងម៉ូតូមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ ៕
ដោយ ៖ ភារ៉ា ដង្កោ