ភ្នំពេញ៖ បង្កើតឲ្យមានការភ្ញាក់ផ្អើលមួយប្រាវពេញបណ្តាញសង្គមអំពីករណីបង្កហិង្សាទៅលើគូស្នេហ៍ពីសំណាក់តារាសម្តែង លោក យិត មាសឧស្សាហ៍ ហៅ អេដវីន បានធ្វើឲ្យកក្រើកដល់មហាជននាំគ្នាតាមដានរឿងនេះ ។ ប៉ុន្តែពេលនេះភាគីខាងស្រីបានចេញមុខLive វីដេអូលើហ្វេសប៊ុក ដែលមិនត្រឹមតែបានកាត់បន្ថយកម្តៅទេ គឺថែមទាំងបង្ហាញពីសញ្ញានៃការសម្រួលគ្នាក្រៅរបងតុលាការទៀតផង។
បង្កើតឲ្យមានការលើកឡើងផងដែរអំពីការបញ្ចប់ជម្លោះនេះ គឺបន្ទាប់ពីអ្នកនាងបញ្ចកាបានបញ្ចប់ការវាយប្រហារទៅកាន់គូស្នេហ៍ដូចគ្រាមុន ខណៈដែលរូបថតនិងសារដែលនាងធ្លាប់បញ្ចេញទាំងប៉ុន្មានមុននោះក៏ត្រូវបានលុបចោលផងដែរ។ ទោះជាយ៉ាងណាអ្នកនាងនៅមិនទាន់បានបញ្ជាក់អំពីការវិលជួបជុំគ្នាវិញដែរឬយ៉ាងណានោះទេ ។
ថ្លែងនៅក្នុងការLive វីដេអូកាលពីយប់ថ្ងៃទី២០ ខែមិថុនានេះ នាងបញ្ចកាហាក់បានធូរស្បើយពីការឈឺចាប់ច្រើន ខុសពីមនុស្សទូទៅដែលបានគិតថានាងអាចនឹងដេកគ្រាំគ្រាឈឺចាប់ទាំងផ្លូវកាយ និងផ្លូវចិត្ត ប៉ុន្តែគេបែរជាភ្ញាក់ផ្អើលពេលដែលឃើញអ្នកនាង បញ្ចកា បានតុបតែងខ្លួនយ៉ាងស្អាត និយាយដោយពាក្យរឹងមាំទំនងជាមិនសមទៅនឹងរូបភាពគ្រាំគ្រាដែលនាងបានបង្ហាញប៉ុន្មានថ្ងៃមុននេះ។ នាងបញ្ជាក់នៅលើវីដេអូនោះថា រឿងទាំងអស់កើតឡើងពីការយល់ច្រឡំ ហើយនាង និងអេដវីនក៏បាននិយាយជាមួយគ្នារួចហើយ ដោយបានបញ្ជាក់ពីហេតុផលរៀងខ្លួន។
ការស្រលាញ់គ្នាខ្លាំងពេក និងការឈានដល់ដំណាក់កាលនោះមិនមែនគ្មានហេតុផលនោះទេ គឺភ្លាមៗមានកំហឹងក្នុងខ្លួន ហើយនាងនិងអេដវីនធ្លាប់វះកាត់ដូចគ្នាទៀត ដូចនេះអារម្មណ៍អាចឆេវឆាវ ។ នាងក៏មិនចង់ល្បីល្បាញខ្លាំងជាងនេះឬយករឿងគ្រួសារទៅបង្ហាញជាសាធារណៈច្រើនជាងនេះដែរ។ នាងបានជួបនិយាយពីមូលហេតុរៀងខ្លួនដើម្បីឲ្យយល់ពីគ្នា ហើយគ្រប់យ៉ាងគឺជាការយល់ច្រឡំ។
គេចាំបានដែរថា រឿងរ៉ាវហិង្សាយ៉ាងដំណំទៅលើគូស្នេហ៍ពីសំណាក់តារាសម្តែង អេដវីន បានធ្វើឲ្យកក្រើកពេញបណ្តាញសង្គមហ្វេសប៊ុកចាប់តាំងពីរាត្រីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១មក គឺក្រោយពីអ្នកនាងបញ្ចកាបានទម្លាយរូបថតមួយចំនួននៃសភាពរាងកាយរបស់នាងដែលរងការវាយដំយ៉ាងធ្ងន់ធ្ងរពីលោក អេដវីន និងការបង្ហោះសារដ៏ចាក់ដោតមួយចំនួន រហូតលេចចេញជាសារឆ្លើយឆ្លងចោទប្រកាន់គ្នាជាហូរហែ។ ក្រោយពីតារាសម្តែងរូបនេះបានទម្លាយរឿងសង្សារមានប្រុសថ្មីនាំមកដេកក្នុងផ្ទះនោះ។
បញ្ហានេះកាន់តែរាលដាលដល់មនុស្សពាក់ព័ន្ធមួយចំនួន ដោយអ្នកនាង បញ្ចកា បានបញ្ចេញរូបថតអំពីសារឆ្លើយឆ្លងមួយចំនួនលើរឿងទំនាក់ទំនងស៊ីជម្រៅជាមួយនារីមួយចំនួននោះ។ គេចាំបានដែរថា ចំណងស្នេហារវាងអ្នកទាំងពីរបានបង្ហាញភាពផ្អែមល្ហែម ក្រោយពីអ្នកនាង បញ្ចកា បានប្រកាសផ្តាច់ទំនាក់ទំនងស្នេហាជាមួយអតីតស្វាមី ជាថៅកែផលិតកម្មមួយ ។ ខណៈដែលមួយរយៈចុងក្រោយនេះតារាសម្តែង អេដវីន បានស្ងប់ស្ងាត់ពីការងារសិល្បៈដែលគេដឹងថា លោកមកបើកមុខជំនួញហាងផឹកស៊ីជាមួយគូស្នេហ៍អ្នកនាងបញ្ចកាពេលដែលអ្នកនាងបញ្ចកាក៏មានមុខជំនួញផ្នែកភេសជ្ជៈនិងអាហារមានឈ្មោះបោះសំឡេងនោះ៕
ដោយ ៖ វឌ្ឍនា