ព័ត៌មានទាន់ហេតុការណ៍៖

ទុកម៉ូតូចោលទៅមើលដីស្រែភ្លេចដកសោ ចោរលួចយកទៅលាក់ក្នុងព្រៃ សមត្ថកិច្ចតាមក្របួចបាន

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ សមត្ថកិច្ចនគរបាលស្រុកកំពង់លែងបានតាមក្របួចចោរលួចម្នាក់ដែលលួចម៉ូតូកសិករចុះទៅមើលស្រែ ហើយភ្លេចដកសោចេញពីម៉ូតូ។
ករណីនេះកើតឡើងនៅសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចបឹងវែង ស្ថិតក្នុងភូមិសំរោងសែន ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ម៉ូតូមួយគ្រឿងដែលជនសង្ស័យលួចនេះម៉ាក Honda Dream C.125 ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៧ ឡើងស៊េរីឆ្នាំ ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1GT-8506។
មន្រ្តីនគរបាលស្រុកកំពង់លែងបានឲ្យដឹងថា ម្ចាស់ម៉ូតូមានឈ្មោះ ដែក សុង ភេទប្រុស អាយុ ៦៧ ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិដារ ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានជិះម៉ូតូចេញពីផ្ទះទៅមើលដីស្រែ នៅចំណុចកើតហេតុខាងលើ ហើយបានទុក ម៉ូតូនៅលើផ្លូវលំដែលមានចម្ងាយប្រហែល ៥០០ ម៉ែត្រ ដោយភ្លេចដកកូនសោចេញពីម៉ូតូ ។លុះពេលទៅមើលដីស្រែ បានប្រហែល៤០ នាទីដោយនឹកឃើញថាភ្លេចដកកូនសោចេញពីម៉ូតូ ម្ចាស់ម៉ូតូបានដើរត្រឡប់មកកន្លែងទុកម៉ូតូវិញ ស្រាប់តែបាត់ម៉ូតូពីកន្លែងទុកនោះ ហើយក៏បានមករាយការណ៍ជូនកម្លាំងសមត្ថកិច្ចជួយធ្វើអន្តរាគមន៍ ។
ប្រភពដដែលបានឲ្យដឹងទៀតថាក្រោយទទួលដំណឹងភ្លាមកម្លាំងសមត្ថកិច្ច ចុះដល់កន្លែងកើតហេតុ ស្រាវជ្រាវកំណត់មុខសញ្ញាបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ អ៊ីម មករា ភេទប្រុស អាយុ ២១ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិដារ ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលលួចម៉ូតូមួយគ្រឿងនេះទៅលាក់ទុកក្នុងព្រៃ ហើយរឹបអូសយកមកវិញ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕

ដោយ៖ ប្រាថ្នា


ចែករំលែក៖