ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ពីថ្ងៃទី២២ មិថុនានេះតទៅ! រដ្ឋបាលខេត្ត​កែប​ ដាក់​ចេញនូវ​បម្រាម​គោចរ​ រឹតបន្តឹង​ការជួបជុំ ផឹកស៊ី លក់ដូរ​ ក្នុង​ភូមិ​សាស្ត្រ​

ចែករំលែក៖

ខេត្ត​កែប ៖ បេីយោងតាម​សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត​កែប នៅព្រឹកថ្ងៃអង្គារទី​២២​ ខែមិថុនា​ ឆ្នាំ​២០២១​ បានដាក់​ចេញនូវ​វិធានការ​រដ្ឋបាល ជាបណ្ដោះអាសន្ន ក្នុងភូមិ​សាស្ត្រ​ខេត្ត​កែប មាន​រយៈពេល ១៤ ថ្ងៃ គិត​ចាប់ពី ថ្ងៃទី​២២ ខែមិថុនា ដល់​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២១ ដើម្បី​ទប់ស្កាត់​ការឆ្លង រាលដាល នៃ​ជំងឺ​កូ​វីដ-១៩។

នៅក្នុង​​សេចក្តីជូនដំណឹងខាងលេីនេះ​ បានបញ្ជាក់ថា​ ក្នុងការ​អនុវត្ត​វិធានការ រដ្ឋបាល​នេះ ត្រូវបាន​ផ្អាក​ជា​បណ្ដោះអាសន្ន នូវ​សកម្មភាព អាជីវកម្ម ចំពោះ​អាហារ​ដ្ឋា​ន ភោជនីយដ្ឋាន ហាង​កាហ្វេ ហាង​ភេសជ្ជៈ និង​ភោជនីយដ្ឋាន នៅតាម​ផ្ទះសំណាក់ សណ្ឋាគារ កន្លែង​លក់ដូរ ចាប់ពី​ចន្លោះ​ម៉ោង ២០ ដល់​ម៉ោង ៥ ទៀបភ្លឺ ជា​កំហិត ប៉ុន្តែ​អាច​លក់​អាហារ វេច​ខ្ចប់​បាន​។

​ជាមួយគ្នានេះ ចំពោះការផ្អាក​ជា​បណ្ដោះអាសន្នខាងលើនេះ មានដូចជា៖ ការប្រមូលផ្ដុំ ឬ​ការជួប​ជុំគ្នា​ទទួលទាន អាហារ ភេសជ្ជៈ ឬ ទទួលទាន​គ្រឿង​ស្រវឹង នៅ​ចន្លោះ​ម៉ោង ២០ ដល់​ម៉ោង ៥ ទៀបភ្លឺ លើកលែងតែ​ក្នុងករណី ការជួបជុំ ក្នុងចំណោម​គ្រួសារ សមាជិកគ្រួសារ ដែល​រស់នៅក្នុង​លំនៅឋាន ឬ​ទី​សំណាក់ ជាមួយគ្នា ការរៀបចំ​ពិធី​បុណ្យសព ដោយ​គោរព តាម​ការកំណត់ របស់​អាជ្ញា​ធរមាន​ស​ម​ត្ថ​កិច្ច ការជួបជុំ​របស់ បុគ្គលិក​សុខាភិបាល ដើម្បី​យក​វត្ថុ​សំណាក បុគ្គល​ដែលជា​ប់​ពាក់ព័ន្ធ ដោយផ្ទាល់ ឬ ប្រយោល ជាមួយ​អ្នក​ផ្ទុក ជំងឺ​កូ​វីដ-១៩ ឬ​ដើម្បី​យក​អ្នក ដែល​ផ្ទុក​ជំងឺ​កូ​វីដ-១៩ ក៏ដូចជា បុគ្គលិក សុខាភិបាល ដែល​បំពេញការងារ សង្គ្រោះបន្ទាន់ ផ្សេងទៀត​។

​ការជួបជុំ​របស់អាជ្ញា​ធរមាន​សមត្ថកិច្ច កម្លាំង​គណៈបញ្ជាការឯកភាព​រដ្ឋបាល គ្រប់លំដាប់​ថ្នាក់ ក្នុងការ​បំពេញការងា​រ ថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ សាធារណៈ និង​ការជួបជុំ មនុស្ស ដែលមាន​ភាពចាំបាច់ សម្រាប់​បម្រើ​ផលប្រយោជន៍ សាធារណៈ ឬ​ក្នុង​គោលបំណង ផ្សេងទៀត តាម​ការកំណត់​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច​។

​លើសពីនេះ ផ្អាក​ជា​បណ្ដោះអាសន្ន នូវ​ការធ្វើ​ចរាចរណ៍ ក្នុងភូមិ​សាស្ត្រ​ខេត្ត​កែប នៅ​ចន្លោះ ម៉ោង ២០ ដល់​ម៉ោង ៥ ទៀបភ្លឺ លើកលែងតែ​ក្នុងករណី ការធ្វើដំណើរ​មួយចំនួន ដោយ​មូលហេតុ សុខភាព​បន្ទាន់ និង​មូលហេតុ​ចាំបាច់ ក្នុង​គ្រួសារ ដែលមាន​លិខិតបញ្ជាក់ ឬ​ការអនុញ្ញាត​ពី អាជ្ញា​ធរមាន​សមត្ថកិច្ច ដែល​នៅ​ជិត​បំផុត​។

ការធ្វើដំណើរ​រប​ស់បុ​គ្គ​លិ​ក ក្រុមគ្រូពេទ្យ ទាំង​រដ្ឋ និង ឯកជន មន្ត្រីរាជការ ក្រុម​ពន្លត់​អគ្គិភ័យ កងកម្លាំងប្រដាប់អាវុធ គ្រប់​ប្រភេទ ដើម្បី​បំពេញបេសកកម្ម ជូន​ស្ថាប័ន អង្គភាព ការធ្វើ​ចរាចរណ៍ របស់​រថយន្ត​ដឹកទំនិញ រថយន្ត​បាញ់​បេតុង រថយន្ត​សម្រាប់​បម្រើ ឲ្យ​ការដឹកជញ្ជូន​ទំនិញ​ផ្គត់ផ្គង់ ការដ្ឋាន​សំណង់ រថយន្ត​ដឹក​សំរាម សំណល់​រឹង និង​សំណល់​វេជ្ជសាស្ត្រ ការដឹកជញ្ជូន​ម្ហូបអាហារ របស់​បុគ្គលិក​បម្រើសេវា​ដឹកជញ្ជូន ការធ្វើដំណើរ​រប​ស់បុ​គ្គ​លិ​ក និង​កម្មករ ទៅ​កន្លែង​បំពេញ ការងារ នៅក្នុង​សហគ្រាស គ្រឹះស្ថាន រោងចក្រ ឬ​ទីតាំង​អាជីវកម្ម ដែល​អនុញ្ញាតឱ្យ​បើក ដំណើរការ​ជាធម្មតា និង​ការធ្វើដំណើរ ចាំបាច់​ផ្សេងទៀត ដែលមាន​ការអនុញ្ញាត ពី​អាជ្ញា​ធរមាន សមត្ថកិច្ច ។

​បន្ថែមពីនេះ​ រដ្ឋបាលខេត្ត ក៏បានបញ្ជាក់​ថា៖ បុគ្គល ឬក៏​បុគ្គល ទាំងឡាយណា ដែល​មិន​អនុវត្តតាម​ការណែនាំ ខាងលើ នឹង​ទទួល​ការពិន័យ អន្តរកាល​របស់ រដ្ឋបាលខេត្ត ស្តីពី​ការពិន័យ អន្តរការណ៍ ចំពោះ បុគ្គល​ដែល​មិន​គោរព វិធានការ​រដ្ឋបាល ក្នុងការ​ទប់ស្កាត់ ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ-១៩ និង​ជំងឺឆ្លង​កាច​សាហាវ ប្រកបដោយ​គ្រោះថ្នាក់ ធ្ងន់ធ្ងរ​ផ្សេងទៀត ក្នុងភូមិ​សាស្ត្រ ខេត្ត​កែប ស្របតាម​ស្មារតី​របស់ ក្រសួងមហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ៕

ដោយ​៖សហការី​


ចែករំលែក៖