ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនស្រ្តីជនសង្ស័យឈ្មោះ ណាវី រួមនិងប្តី ដែលល្បីល្បាញ អួតអាងថាមិនខ្លាចសមត្ថកិច្ចណាដែលហ៊ានចាប់គេ ក្នុងរបរមេឆ្នោតវៀតណាមខុសច្បាប់ ជ្រកក្រោមស្លាកឆ្នោតឡូតូ

ចែករំលែក៖

ឃាត់ខ្លួនស្រ្តីជាជនសង្ស័យឈ្មោះ ណាវី រួមនិឹងប្តីដែលល្បីល្បាញអួតអាងថាមិនខ្លាចសមត្ថកិច្ចក្នុងរបរជាមេឆ្នោតវៀតណាមខុសច្បាប់ជ្រកក្រោមស្លាកឆ្នោតឡូតូនោះ

  ខេត្តត្បូងឃ្មុំ៖  ជនសង្ស័យជាមេឆ្នោតខុសច្បាប់នៅឃុំទន្លេបិទដែលជាអ្នកប្រមូលកូនកញ្ច្រែងឱ្យកត់ឆ្នោតវៀតណាមមកឱ្យខ្លួនដោយជ្រកក្រោមស្លាកឆ្នោតឡូតូ ហើយគំរាមកំហែងត្រូវតែលក់ឱ្យក្រុមខ្លួនឈ្មោះ ណាវី នោះ ពេលនេះត្រូវបានព្រះរាជអាជ្ញាបញ្ជាឱ្យកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនបានហើយ ប៉ុន្តែចំពោះមេក្រុមធំឈ្មោះ អា វុឹង នៅមិនទាន់ឃាត់ខ្លួនបាននៅឡើយទេ ហើយឮថាកំពុងរត់គេចខ្លួន ។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកព្រះរាជអាជ្ញារង គង់ រតនា និងកម្លាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ នៅវេលាម៉ោង១៥:១៥នាទី ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចក្នុងផ្សារទន្លេបិទ ភូមិទន្លេបិទក្រោម ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្ត ត្បូងឃ្មុំ ។

  ជនសង្ស័យដែលត្រូវឃាត់ខ្លួនទី១- ឈ្មោះ លី ណាវី  ភេទស្រី អាយុ៤៣ឆ្នាំ,

ទី២-ឈ្មោះ សាន ម៉េងគន់ អាយុ៥១ឆ្នាំ(ជាប្តី),

ទី៣-ឈ្មោះ ជា ស្រីនី ភេទស្រី អាយុ ២១ឆ្នាំ (ជាអ្នកសុីឈ្នួលកត់ឆ្នោត)។ អ្នកទាំង៣នាក់ រស់នៅភូមិទន្លេបិទក្រោម ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

   ទាក់ទងនឹងករណីនេះដែរ លោក សូ សុខវិជ្ជា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការសាលាដំបូងខេត្តត្បូងឃ្មុំបានមានប្រសាសន៍ឱ្យដឹងថា សំណុំរឿងនេះកំពុងបន្តនីតិវិធីព្រោះជនជាប់ចោទបើកឆ្នោតឡូតូ តែមានកត់កន្ទុយលេខ មិនទាន់ដឹងថាមានពិរុទ្ធយ៉ាងណានោះទេ សូមរង់ចាំមើលនីតិវិធីបន្តទៀតសិន ។

 សូមបញ្ជាក់ថា យោងតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋដែលរស់នៅខេត្តត្បូងឃ្មុំបានឱ្យដឹងថា បច្ចុប្បន្ននេះក្នុងខេត្តមានមនុស្សមួយក្រុមបាននិងកំពុងដើរអុកឡុកបែបក្រុមសង្គមងងឹត គំរាមកូនកញ្ច្រែងអ្នកកត់ឆ្នោតវៀតណាមខុសច្បាប់ឲ្យកត់លក់ឲ្យខ្លួនវិញ , បញ្ហានេះមានអ្នកខ្លះគិតថា អាជ្ញាធរ សមត្ថកិច្ចអាចខ្លាចពួកជនទុច្ចរិតទាំងនេះ ទោះបីដឹងថាជាបទល្មើសខុសច្បាប់ក៏ដោយ ។

តាមប្រភពច្បាស់ការណ៍ពីប្រជាពលរដ្ឋបានប្រាប់ឱ្យដឹងថា ក្រុមនេះមានគ្នាពី៤ទៅ៥នាក់ រថយន្ត៤ទៅ៥គ្រឿង ដូចជា(ឡានហាំមើរ ពណ៌លឿងអត់ស្លាកលេខ,ឡានពណ៌ក្រហមអត់ស្លាកលេខ ,ឡានតូយ៉ូតាពណ៌ស និងឡានឡិចសុីសពណ៌ខ្មៅជាដើម)។ ប្រភពព័ត៌មានមួយទៀតបានប្រាប់ឱ្យដឹងថា ក្រុមឡាន(ហាំមើរ)ពណ៌លឿងនេះជាកូនចៅឧកញ៉ាម្នាក់មកពីភ្នំពេញ ហើយគេមានឈ្មោះថា អាវុឹង ឬ ទី ។

រីឯប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ សូមសំណូមពរដល់ ពិសេស លោក ជាម ច័ន្ទសោភណ្ឌ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ សូមដាក់ចំណាត់ការទៅអាជ្ញាធរ និងសមត្ថកិច្ចថ្នាក់ក្រោមមានវិធានតាមច្បាប់ចំពោះក្រុមនេះផង ព្រោះបច្ចុប្បន្នកំពុងតែបង្កភាពអនាធិបតេយ្យក្នុងខេត្តត្បូងឃ្មុំនេះខ្លាំងណាស់ មិនត្រូវទុកឱ្យមានសកម្មភាពនេះកើតមានឡើយ ទាំងអ្នកកត់ឆ្នោត ទាំងក្រុមដែលតាំងខ្លួនជាជនទុច្ចរិតមេឆ្នោតដើរគំរាមគេឱ្យកត់ឱ្យខ្លួន ត្រូវចាត់វិធានការតាមផ្លូវច្បាប់ ខណ:ក្រុមនេះបង្កើតឱ្យមានបទល្មើសក្នុងមូលដ្ឋាន និងដើម្បីអនុវត្តតាមគោលការណ៍ភូមិ-ឃុំមានសុវត្ថិភាពទាំង៩យ៉ាង គ្មានល្បែងសុីសង គ្មានអំពើ លួច ឆក់ ប្លន់ជាដើម៕

ដោយ៖ អ្នកប្រមាញ់


ចែករំលែក៖