ភ្នំពេញ៖ តារាសម្ដែងលោក អេនដវីន អាចប្រឈមជាប់ពន្ធនាគារ រហូត៥ឆ្នាំ ខណៈដែលតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ បានសម្រេចចោទប្រកាន់ពីបទហិង្សា ដោយសហព័ទ្ធ តាមមាត្រា ២២២ នៃក្រមព្រហ្មទណ្ឌ រួចបញ្ជូនសំណុំរឿងបន្តទៅកាន់ចៅក្រមស៊ើបសួរ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់។
សូមជម្រាបថា យោងតាមមាត្រា ២២២ បើតុលាការ រកឃើញថា ជនដៃដល់ បានប្រព្រឹត្ត ដូចការចោទប្រកាន់ មែននោះ អ្នកប្រព្រឹត្ត នឹងត្រូវជាប់ពន្ធនាគារ ពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ ពី ៤លានរៀល ទៅ ១០លានរៀល។ ចំណែកមាត្រា២២២ នៃក្រមព្រហ្មទណ្ឌ បានចែងថា៖ “អំពើហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ឬ អនីតិសង្វាសជន ត្រូវផ្ដនាទោស ដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤ លានរៀល ទៅ ១០ លានរៀល កាលបើអំពើហិង្សានោះ ប្រព្រឹត្តដោយសហព័ទ្ធ ឬ អនីតិសង្វាសជន របស់ជនរងគ្រោះ”។
គួរបញ្ជាក់ថា តារាសម្ដែងលោក អេដវីន ត្រូវកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែមិថុនាម្សិលមិញនេះ ដេីម្បីចាត់ការតាមច្បាប់ ក្រោយប្រព្រឹត្តអំពើហិង្សាទៅគូស្នេហ៍របស់ខ្លួន។បន្ទាប់ពីមានបណ្ដាញសង្គមហ្វេសប៊ុកមួយ ដែលគេស្គាល់ថា អាខោនរបស់ សុទ្ធ បញ្ចកា ជាគូស្នេហ៍របស់ អេដវីន បានបង្ហោះនូវរូបភាពហិង្សាមួយ វាយតប់ដោយប្រេីខ្សែក្រវ៉ាត់ មានរបួសស្នាមសុសសាច់៕
ដោយ៖សហការី