ខេត្តកោះកុង៖ យុវជនម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម និងម្នាក់ទៀតរបួសធ្ងន់ធ្ងរ ខណៈក្មេងស្ទាវចំនួនពីរក្រុមមានគ្នាប្រមាណជាជិត១០នាក់ បេីកឆាក់ប្រយុទ្ធគ្នាដោយប្រើកាំបិត។ ក្រោយកេីតហេតុក្រុមជនបង្កនាំគ្នារត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍ខាងលេីនេះ បានកេីតឡេីងនៅវេលាម៉ោងជាង១០យប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅចំណុចទល់មុខសាលារៀនសាមគ្គីឯកជន ក្បែរសាលាសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
បើតាមសម្តីមន្រ្តីនគរបាលមូលដ្ឋាន បានបញ្ជាក់ថា យុវជនរងគ្រោះដែលស្លាប់មានឈ្មោះ លីម៉ា អាយុ១៨ឆ្នាំ មុខរបរជាកម្មករ រស់នៅភូមិពាមក្រសោប ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា (បានរងរបួសចំកណ្តាលក្បាលចំនួនពីរកន្លែង និងលើដងខ្លួនចំនួន៤កន្លែង)។ ចំណែកជនរងគ្រោះម្នាក់ទៀតឈ្មោះ ប៉ាក់ រ៉ាវុធ អាយុ ១៩ ឆ្នាំ រងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងមានទីលំនៅភូមិពាមក្រសោបជាមួយអ្នកស្លាប់។
មន្រ្តីដដែល បន្តថា យោងតាមការសន្និដ្ឋានបឋមនៅកន្លែងកេីតហេតុ ក្រោយធ្វើការសាកសួរ និងពិនិត្យសកម្មភាពអំពើហិង្សាកាប់សម្លាប់មនុស្សខាងលើនេះ តាមរយៈកាមេរ៉ាសុវត្ថិភាព គឺជនសង្ស័យមានគ្នីគ្នា៥ទៅ១០នាក់។ បន្ទាប់ពីធ្វើសកម្មភាពកាប់សម្លាប់មនុស្សរួចពួកគេនាំគ្នារត់គេចខ្លួនបាត់ភ្លាមៗ។
គួរបញ្ជាក់ថា ករណីឃាតកម្មនេះ គេនៅពុំទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើយទេ ដោយកម្លាំងសមត្ថកិច្ចជំនាញកំពុងបើកស៊ើបអង្កេតស្រាវជ្រាវរកមុខក្រុមជនដៃដល់ទាំងអស់នោះ យកមកផ្តន្ទាទោសតាមច្បាប់៕
ដោយ៖សហការី