ព័ត៌មានទាន់ហេតុការណ៍៖

ផ្សាររដ្ឋជាច្រើនបានបើកលក់ដូរធម្មតាវិញអស់ហើយ ជាមួយនិងការអនុវត្តវិធានរបស់ក្រសួងសុខាភិបាលបានយ៉ាងម៉ត់ចត់

ចែករំលែក៖

        ភ្នំពេញ៖ ប្រធានគណៈកម្មការផ្សារធំៗរបស់រដ្ឋ ជាច្រើនផ្សារ បានបញ្ជាក់ថា ៖ ផ្សាររដ្ឋជាច្រើន បានឈានទៅរកភាពប្រក្រតីឡើងវិញជាបណ្តើរៗហើយ ជាមួយនិងការអនុវត្តវិធានរបស់ក្រសួងសុខាភិបាលបានយ៉ាងម៉ត់ចត់បំផុត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩  ក្រោយពីរដ្ឋបាលរាជធានីភ្នំពេញបើកឱ្យដំណើរការផ្សារឡើងវិញ ជាង១សប្តាហ៍មកនេះ។

  ប្រធានគណៈកម្មការផ្សារទួលទំពូង លោក ចំរើន សុខលីម បានមានប្រសាសន៍ឱ្យដឹងនៅរសៀលថ្ងៃទី២៣មិថុនានេះថា ៖ផ្សារទួលទំពូង នៅពេលនេះការបេីកលក់ដូរ បានប្រមាណពី៨៥ទៅ៩០%​ និងអតិថិជន​ ចូលទិញដូរប្រហែល៦០​ ទៅ៧០%ប៉ុណ្ណោះ​ ។គណ:កម្មការផ្សារបានចុះត្រួតពិនិត្យតាមតូប​ និងអតិថិជនចូលផ្សារ​ មានដាក់ម៉ាសុីនវាស់កំដៅ​ និងម៉ាសុីន​ បាញ់អាល់កុល​ និងការចែកម៉ាស់ជាប្រចាំ​ ហេីយអាជីវករក៏ដូចជាអតិថិជន​ ចេញចូលផ្សារចូលរួមគោរពតាមវិធានការសុខាភិបាលប្រមាណមួយរយភាគរយ។ 

    ប្រធានផ្សា​របន្លែច្បារអំពៅ​ លោកសាន់ ប៊ុណ្ណា​ និងលោក គួច ចំណាន ប្រធានគណៈកម្មការផ្សារច្បារអំពៅ បានបញ្ជាក់ថា ៖ទាំងផ្សារបន្លែ​ និងផ្សារធម្មតា​ មានអាជីវករមកលក់៨០ភាគរយ​ ហេីយ នៅ២០ភាគរយ ជាអ្នកលក់មកពីតាមខេត្ត​លក់នៅក្រៅផ្សារ ។ លោកសង្ឃឹមថា នឹងបាន១០០%នៅពេលដែលអាជ្ញាធរ ហាមមិនឱ្យលក់នៅតាមផ្លូវសាធារណ:និង​ ផ្លូវព្រែកបារាំង​ ម្តុំវត្តច្បារអំពៅ​ អាចចូលលក់ក្នុងផ្សារបាន១០០%​ ។  ក្នុងផ្សារច្បារអំពៅនេះ មានភាពទូលាយជាងមុនដោយសារគណ:កម្មការផ្សារ​ អាជ្ញាធរខណ្ឌ​ និងសាលារាជធានី​សហការគ្នាធ្វេីឱ្យមានសណ្តាប់ធ្នាប់ល្អ​ និងអ្នកលក់ដូរមិនមានការចង្អៀត​ អាចលក់ដូរបានដោយស្រួល​ និងអាចជិះ​ ម៉ូតូចូលបាន​ ។  ចំណែក ការចូលមកលក់ដូររបស់អាជីវករវិញ គឺយើងបានរៀបចំឱ្យមានរបៀបរាបរយឱ្យពួកគាត់លក់ ដូរតាមរបៀបគម្លាតសុខាភិបាលផងដែរ ។

      លោក ឯក និមល ប្រធានគណៈកម្មការផ្សារបឹងកេងកង បានបញ្ជាក់ផងដែរ ផ្សារបឹងកេងកង ដល់ថ្ងៃនេះអាជីករចូលលក់ដូរ ប្រមាណ៧៥%គ្រប់មុខរបរទាំងអស់​ ដោយអតិថិជនចូលផ្សារមាន ប្រហែល៣០០ទៅ ៤០០នាក់​ ដោយបេីកច្រកចំនួន ៨ច្រក ទ្វារ​ ដោយសារយេីងរឹតបន្តឹង​ក្នុងការចេញចូល នឹងអនុវត្តវិធានការសុខាភិបាល​ នៅតាមមាត់ច្រក​ មានម៉ាសុីន​ វាស់កដៅ​ និងម៉ាសុីនបាញ់អាល់កុលស្វ័យប្រវត្តិ​ ។ ដាក់កម្លាំងអោយអ្នកចូលផ្សារត្រូវ​ ស្គេន​ ជាប្រចាំ​ ។ សម្រាប់ សន្តិសុខនៅខាងក្នុងផ្សារស្រែក​តាមមីក្រូ ឱ្យអ្នកលក់ដូរ​ និងអ្នកទិញ ត្រូវរក្សាគម្លាតជាប្រចាំ​ និងមានមីក្រូ៦គ្រឿងទៀតចាក់ជាប្រចាំ​ ទាំងព្រឹកទាំងល្ងាច​ នូវវិធានការ​ របស់សម្តេច​ ៣កុំ ៣ការពារ​ និងមានការបាញ់ថ្នាំសម្លាប់មេរោគនៅតាមទ្វារចេញចូលទាំង ៨ដែលយេីងបានបេីក​ គឺរៀងរាល់ពីរម៉ោងម្តង​ ហេីយពេលល្ងាចដែលអាជីវករចាកចេញ​ គឺត្រូវបាញ់ថ្នាំសម្លាប់មេរោគជាប្រចាំរាល់ថ្ងៃ។ 

   លោកស្រី ប៉ុន ដានី ប្រធានគណៈកម្មការគ្រប់គ្រងផ្សារធំថ្មី បានលើកឡើងថា៖សម្រាប់ផ្សារថ្មី​ ថ្ងៃនេះអាជីវករបានបេីកតូបលក់៤៥%​ យេីងបាញ់អាល់កុលដល់ប្រជាពលរដ្ឋដើរផ្សារ២៥លីត្រ​ បេីកច្រកចេញចូល​ ស្គេន​ QR Code  ១២​ ច្រក​ ប្រេីប្រាស់ម៉ាសុីនវាស់កំដៅ​ចំនួន ២៤​ ។ អាជីវករលក់ដូរក្នុងផ្សារ​ ១០០%​ ហេីយអ្នកចូលផ្សារ​ ពាក់ម៉ាស់១០០%​ យេីងបានដាក់ម៉ាស់សំរាប់ចែកជូន​ មិនមានអ្នកមកសុំ​ មួយនាក់ទេទោះបីដាក់ទុកឱ្យប្រេីនៅតាមច្រកចូលផ្សារក៏ដោយ​ អតិថិជនមានការកេីនឡេីង​ ពីមុនមានមួយពាន់ជាង​ ឥឡូូវ២ពាន់នាក់ជាង​ បងប្អូនមានការសប្បាយចិត្ត​ ដែលបេីកផ្សារឱ្យគាត់លក់ដូរឡេីងវិញ​ ពេលដែលពួកគាត់បានលក់ទៅមានការសម្រួលដល់ការដោះស្រាយជីវភាព​ ទោះបីយ៉ាងក៏នៅមានការព្រួយបារម្ភ​ ពីជម្ងឺកូវីដ-១៩​ នូវឡេីយ​ ក្នុងនោះគាត់មានការសម្អាត​ដៃជាប់ជាមួយអាល់កុល​ និងទឹកជែលដាក់អោយលាងនៅតាមច្រកនីមួយៗ។ មិនតែប៉ុណ្ណោះពួកគាត់បានដួសទឹកនោះយកទុកលាងដៃដល់តូបរបស់គាត់ទៀតផង។ 

   លោក ហ៊ត វ៉ាន់ធី ប្រធានផ្សារអូរឫស្សី បានប្រាប់ឱ្យដឹងថា៖ ផ្សារអូរឬស្សី មានការបេីកលក់បានចំនួន២៥៧១​តូប ស្មើនឹង​ ៦៥​អគារ និងមានភ្ញៀវចេញចូលធម្មតា​ ជិតមួយពាន់នាក់​ ស្ថានភាពលក់ដូរធម្មតា​ ផ្សារទាំងអស់មាន៦២១១តូប មកលក់បាន២៥៧១​តូប ស្មើ៤០%​ ។

   សូមបញ្ជាក់ថា៖ បើតាមសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានចេញកាលពីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១កន្លងមក បានបញ្ជាក់ថា ត្រូវបានអនុញ្ញាតឲ្យបើកដំណើរការគ្រប់អាជីវកម្ម-ការលក់ដូរជាប្រក្រតីឡើងវិញ ក្នុងក្របខ័ណ្ឌផ្សាររដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១តទៅ។ គ្រប់អាជីវកម្ម-ការលក់ដូរ ដែលត្រូវបានអនុញ្ញាតឲ្យបើកដំណើរការ ត្រូវអនុវត្តវិធានការសុវត្ថិភាព ផ្នែកសុខាភិបាលឲ្យបានម៉ឺងម៉ាត់ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស, កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព, ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ, ការវាស់កម្ដៅ, ការស្កេន QR Code និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជា ពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ ៣ការពារ និង៣កុំ របស់សម្ដេចតេជោ ហ៊ុន សែន៕

ដោយ ៖ សំរិត


ចែករំលែក៖