ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋ កម្មករ និយោជិត ដែលរស់នៅនិងស្នាក់នៅក្នុងភូមិសាស្ត្រតំបន់មួយចំនួនក្នុងស្រុកព្រៃ នប់ និងស្រុកកំពង់សិលាខេត្តព្រះសីហនុ ប្រមាណជាជាង ៨ម៉ឺន ៣ពាន់ ៨២៧នាក់ បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ ដែលជាការគិតគូរយកចិត្តទុកដាក់ខ្ពស់ ដល់សុខុមាលភាពប្រជាពលរដ្ឋ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់តាមរយៈក្រុមគ្រូពេទ្យរបស់ក្រសួងការពារជាតិហើយចាប់តាំងពីថ្ងៃអង្គារ៍ ១៣កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២១ នេះដែលជាថ្ងៃចាប់ផ្តើម ក្នុងយុទ្ធនាការថ្ងៃដំបូងនៃការផ្ដល់ការចាក់វ៉ាក់សាំងលើកទី១ដូសទី១ កាលពីថ្ងៃទី២២ មិថុនាមកនោះ ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ក្រសួងការពារជាតិ រួមដំណើរដោយ នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយកអគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិលោក គួច ចំរើន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ រួមនិងមន្ត្រីយោធាជាន់ខ្ពស់ក្នុងអគ្គបញ្ជាការ ក្រសួងការពារជាតិ និងមន្ត្រីស្ថាប័នជំនាញពាក់ព័ន្ធជាច្រើនរូប បានអញ្ជើញទៅកាន់តំបន់ដែលមានហានិភ័យនៃការឆ្លងរាល ដាលនោះ ដើម្បីពិនិត្យមើលអំពីការរៀបចំដំណើរការចាក់វ៉ាក់សាំងការពារនេះ ជូនដល់ប្រជាពលរដ្ឋយើង ពីសំណាក់ក្រុមការ ងារបច្ចេកទេស និងក្រុមគ្រូពេទ្យជំនាញ របស់កងទ័ព នៅក្នុងភូមិសាស្រ្តស្រុកព្រៃនប់ នឹងស្រុកកំពង់សិលា ខេត្តព្រះសីហនុ ទៅតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងបទបញ្ជារបស់ក្រសួងការពារជាតិ ។
ឧត្តមនាវីឯក វណ្ណ ប៊ុនលៀង មេបញ្ជាការរងបញ្ជាការដ្ឋានកងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិចាក់វ៉ាក់សាំងរបស់កងទ័ពជើងទឹក បានគូស បញ្ជាក់ឱ្យដឹងថា ក្រុមការងារបច្ចេកទេស និងក្រុមគ្រូពេទ្យជំនាញចាក់វ៉ាក់សាំងការ ពារជំងឺកូវីដ១៩ កងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ ក្រោយពីទទួលបានបទបញ្ជារបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ និងបទបញ្ជារបស់ប្រធានប្រតិបត្តិចាក់វ៉ាក់សាំងក្រសួងការពារជាតិក្រុមគ្រូពេទ្យកងទ័ពជើង ទឹកដែលរួមមានអង្គភាព ក្រុមគ្រូពេទ្យមកពីបញ្ជាការដ្ឋានកងទ័ពជើងទឹក.បញ្ជាការដ្ឋានកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាមអង្គភាពបញ្ជាការដ្ឋានការពារកោះឆ្នេរ កងទ័ពជើងទឹក បានបញ្ជូនកម្លាំងរបស់ខ្លួនចូលទៅកាន់តំបន់ទាំងនោះ ដើម្បីបើកយុទ្ធនាការចាក់វ៉ាក់សាំងលើកទី១ ដូសទី១ ជូនប្រជាពលរដ្ឋ ក្នុងបំណងកាត់ផ្ដាច់ចរន្តនៃការចម្លងរាលដាលនៃជំងឺនេះ ដើម្បីការស្ដារឡើងវិញសុខុមាលភាពប្រជាជនយើងនិងស្ដារឡើងវិញនៅគ្រប់ហេដ្ឋារចនា សម្ព័ន្ធសេដ្ឋកិច្ចជាតិ បន្តការអភិវឌ្ឍតំបន់នោះឲ្យប្រសើរឡើងវិញ ។
ឧត្តមនាវីឯក វណ្ណ ប៊ុនលៀង បានបញ្ជាក់ថា បញ្ជាការដ្ឋានកងទ័ពជើងទឹក ទទួលខុសត្រូវក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិក ក្នុងស្រុកចំនួនពីររបស់ខេត្តព្រះសីហនុ គឺស្រុកព្រៃនប់ និងស្រុកកំពង់សិលា ដែលមានប្រជាពលរដ្ឋមិនទាន់បានទទួលការចាក់វ៉ាក់សាំងសរុបប្រមាណជាជាង៨ម៉ឺន ៣ពាន់ ៨៣៧នាក់ ។ លោកបានបន្ថែមថា ក្នុងស្រុកទាំងពីរនេះក្រុមការ ងារយើងបានបែងចែកមណ្ឌលសម្រាប់ចាក់វ៉ាក់សាំងចំនួន ១០ ទីតាំង ដែលទីតាំងទី ១ ស្ថិតក្នុងវិទ្យាល័យហ៊ុនសែនស្មាច់ដែង ទីតាំងទី ២ ស្ថិតនៅក្នុងបរិវេណវត្តអូរចំណារ ទីតាំងទី៣ ស្ថិតនៅក្នុងបរិវេណអនុវិទ្យាល័យទួលកែវ ទីតាំងទី៤ ស្ថិតក្នុងបរិវេណអនុវិទ្យាល័យសំរុង .ទីតាំងទី ៥ ស្ថិតក្នុងសាលាបឋមសិក្សាជើងគោ.ទីតាំងទី ៦ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសចេងជាង.ទីតាំងទី ៧ ស្ថិតក្នុងសាលាបឋម សិក្សាស្ទឹងឆាយ.ទីតាំងទី ៨ ស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សារក្អោង.ទីតាំងទី ៩ ស្ថិតក្នុងបរិវេណវត្តឧត្តមមុនី្នវង្សកំពង់សិលា.និងទីតាំងទី ១០ ស្ថិតក្នុងវត្តសំរោងប្រសិទ្ធិវង្ស ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងបញ្ជាក់ថា បើតាមគម្រោងផែនការ របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងក្នុងក្របខ័ណ្ឌទូទាំងប្រទេស បានប្រគល់ភារកិច្ចឱ្យដល់កងទ័ពទទួលខុស ត្រូវក្នុងការធ្វើសកម្មភាពចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត និងជនបរទេស ដែលរស់នៅស្នាក់នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដែលមានហានិភ័យខ្ពស់នៃការចម្លងជំងឺកូវីដ១៩ ក្នុងសហគមន៍បន្ទាប់ពីភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ក្នុងចំណោមមនុស្សមានហានិភ័យខ្ពស់ ត្រូវទទួលការចាក់វ៉ាក់សាំងចំនួនសរុបប្រមាណជាង២សែន ៣ពាន់ ៣៤០នាក់ ដែលក្នុងចំនួននេះ សុខាភិបាលខេត្តព្រះសីហនុ នឹងធ្វើការទទួលចាក់វ៉ាក់សាំងលើពីរទីតាំង ក្នុងក្រុងព្រះសីហនុ ដែលមានប្រជាពលរដ្ឋមិន ទាន់បានចាក់វ៉ាក់សាំងប្រមាណជា ១ម៉ឺន ១៧៥នាក់ និងក្រៅពីនោះមានប្រជាពលរដ្ឋ កម្មករ និយោជិត និងជនបរទេស ប្រមាណជាជាង១៩ម៉ឺន ៣ពាន់ ១៦៥នាក់ទៀតក្រុមគ្រូពេទ្យកងទ័ពមកពីអង្គភាពបញ្ជាការដ្ឋានកងទ័ពជើងទឹកមានអង្គភាពបញ្ជាការដ្ឋានការពារកោះឆ្នេរ,អង្គភាពកងទ័ពជើង ទឹកមូលដ្ឋានសមុទ្រ,អង្គភាពកងពលតូចលេខ ៧០ ៕
ដោយ៖ សូរិយា