ខេត្តត្បូងឃ្មុំ ៖ ពុទ្ធោ! ! នរណាខ្លះបានមកលេងឬមកមេីលល្បែងបញ្ជល់មាន់ និងអាប៉ោងនៅក្នុងព្រៃឬស្សី ខាងកើតសាលារៀនកូនត្មាត ភូមិឈើទាលជ្រុំ ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ? ព្រោះថាមន្ត្រីក្រសួងសុខាភិបាលបានរកឃេីញអ្នកលេងបញ្ជល់មាន់ចំនួន២នាក់ មានផ្ទុកវិជ្ជមានកូវីដ-១៩ និងមានអ្នកពាក់ព័ន្ធជាង៣០នាក់ទៀត ។
នេះបេីតាមសម្តីមន្ត្រីសាលាស្រុកមួយរូបបានបង្ហើបថា ពេលកម្លាំងចុះធ្វើតេស្តទៅលើអ្នកភូមិចំនួន២នាក់ នាល្ងាចថ្ងៃទី២២ មិថុនា និងនៅព្រឹកថ្ងៃទី២៣ មិថុនា ២០២១នោះ ក៏បានរកឃើញថា អ្នកលេងបញ្ជល់មាន់ចំនួន២នាក់ មានផ្ទុកវិជ្ជមានកូវីដ-១៩ ក្នុងនោះមានអ្នកពាក់ព័ន្ធជាង៣០នាក់ទៀតផងដែរ។ លោកអំពាវនាវអោយអ្នកពាក់ព័ន្ធមកធ្វេីសំណាករកមេរោគកូវីដ-១៩ ។
ប្រជាពលរដ្ឋបានប្រាប់ថា ទីតាំងលេងល្បែងបញ្ជល់មាន់ និងអាប៉ោងដោយខុសច្បាប់ ស្ថិតនៅក្នុងព្រៃឬស្សី ខាងកើតសាលារៀនកូនត្មាត ភូមិឈើទាលជ្រុំ ឃុំអញ្ចើម ស្រុកត្បូងឃ្មុំនោះ ដោយក្រុមអ្នកញៀនល្បែងពពាក់ពពួន នាំគ្នាលេងហូរកញ្ជ្រៀវយ៉ាងសប្បាយមិនខ្លាចពីការឆ្លងជំងឺកូវីដ-១៩នោះទេ។
បើតាមលោក នៅ អូន មេឃុំអញ្ចើមបានប្រាប់សារព័ត៌មានឲ្យដឹងនៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ថា តាមពិតទៅល្បែងស៊ីសង គឺខុសច្បាប់មិនអនុញ្ញាតឱ្យលេងនោះទេ តែក្រុមអ្នកញៀនល្បែងបាននាំគ្នាលេងចល័ត រត់ពីទីកន្លែងមួយទៅកន្លែងមួយទៀត ដោយមិនមានគ្នាច្រើននោះទេ។
លោកមេឃុំបន្តថា កន្លងមកពេលដែលប្រជាពលរដ្ឋរាយការណ៍មានការលេងបញ្ជល់មាន់ខុសច្បាប់ លុះពេលកម្លាំងសមត្ថកិច្ចដឹងក៏ចុះទៅបង្ក្រាប ធ្វើឲ្យក្រុមអ្នកលេងល្បែងទាំងនោះ នាំគ្នារត់គេចខ្លួន ហើយឈប់លេងនៅទីតាំងចាស់ ដោយនាំគ្នាទៅលេងនៅកន្លែងថ្មីតែមិនអាចចិន្ត្រៃយ៍នោះទេ។ គឺលេងម្ដងត្រង់នេះ ម្ដងត្រង់នោះ ដើម្បីបង្វែងដានពីកម្លាំងសមត្ថកិច្ច ។
ប្រជាពលរដ្ឋស្នេីដល់លោកវរសេនីយ៍ឯកសាំ ហេង អធិការនគរបាលស្រុកត្បូងឃ្មុំ និងនាយប៉ុស្តិ៍រដ្ឋបាលអញ្ចើមមេត្តាយកចិត្តទុកដាក់លេីការជួបជុំ ប្រមូលផ្តុំមនុស្សមកលេងល្បែងនៅភូមិសាស្ត្រក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួនផង ជៀសវាងពលរដ្ឋយល់ច្រឡំថា លោកប្រេីវិធី «កន្ទេលធំបន្លំដេក» ខណៈក្នុងដែនសមត្ថកិច្ចរបស់ខ្លួនសំបូរដោយបទល្មើសល្បែងស៊ីសង ។
ច្បាប់បានកំណត់ថា ការជួបជុំមនុស្សច្រើនបែបនេះ គឺផ្ទុយនឹងការណែនាំរបស់ជំនាញក្រសួងសុខាភិបាល ដែលអាចនាំឲ្យឆ្លងជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី២២ មិថុនា និងនៅ ព្រឹកថ្ងៃទី២៣ មិថុនា ២០២១នេះ ជំនាញសុខាភិបាលស្រុកបានចុះធ្វើតេស្តទៅលើអ្នកភូមិសង្គមមានជ័យ និងភូមិត្រពាំងរាំង ឃុំមេមត់ ស្រុកមេមត់ បានរកឃើញថា អ្នកលេងបញ្ជល់មាន់ចំនួន២នាក់ មានផ្ទុកវិជ្ជមានកូវីដ-១៩ ក្នុងនោះមានអ្នកពាក់ព័ន្ធជាង៣០នាក់ទៀត កំពុងតែចុះប្រមូលសំណាកហើយ៕
ដោយ ៖ វណ្ណៈ