ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បានបេីករថយន្តស៊េរីទំនេីបម៉ាក Ford Ranger មួយគ្រឿងជ្រុលទៅបុកម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០១៦ បណ្ដាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់ ហេីយអូសម៉ូតូក្រោមរថយន្តរាប់រយម៉ែត្របង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋខឹងសម្បាដេញតាមចាប់វាយតៃកុងរថយន្តបង្កឡេីងទ្រោមខ្លួនទេីបប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង៩ និង០៥នាទីយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ២១៧ ក្បែរសាលាខណ្ឌដង្កោ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកេីតហេតុបានឲ្យដឹងថា មុនដំបូងគេឃេីញរថយន្តម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BA-7399 បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្ដោយផ្លូវបេតុងព្រៃសរ ទិសដៅពីលិចមកកេីតក្នុងល្បឿនលឿន រួចក៏បុកម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FR-9200 ជិះដោយស្ត្រីម្នាក់ ចំពីចំហៀងពេញទំហឹង បណ្ដាលឲ្យស្ត្រីជាម្ចាស់ម៉ូតូរងរបួសធ្ងន់ ហេីយត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យ ។
ក្រោយកេីតហេតុភ្លាមៗ រថយន្តបង្កមិនព្រមឈប់ទទួលខុសត្រូវនោះទេ បែជាព្យាយាមបេីករត់តាំងពីផ្លូវបេតុងព្រៃសរ រហូតជិតដល់សាលាខណ្ឌដង្កោ ក៏ត្រូវបានប្រជាពលរដ្ឋ និងអ្នកដំណេីរជួយដេញតាមចាប់បានទាំងតៃកុងម្នាក់ និងរថយន្តបង្កនៅលេីម៉ូតូរបស់ជនរងគ្រោះ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ខណ្ឌដង្កោឲ្យមកពិនិត្យ និងធ្វេីការវាស់វែងយករថយន្តបង្ក និងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដេីម្បីរង់ចាំដោះស្រាយពេលក្រោយ ៕
ដោយ ៖ ភារ៉ា ដង្កោ