ភ្នំពេញ, នៅវេលាម៉ោង ៤និង ០០នាទីរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកប្រើប្រាស់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android ជាច្រើនកំពុងតែឈឺក្បាលវិលមុខដោយសារតែកម្មវិធី Google ត្រូវបានបិទវិញនៅពេលដែលពួកគេព្យាយាមបើកវា។
បើតាមការសរសេរចែកចាយនៅក្នុងបណ្ដាញទំនាក់ទំនងសង្គមបានបង្ហាញថា ទូរស័ព្ទមកពីក្រុមហ៊ុនធំៗជាច្រើនមានដូចជា Sony, Samsung, Google Pixels និង LG កំពុងតែជួបបញ្ហានេះ បន្ទាប់ពីក្រុមហ៊ុនបានធ្វើបច្ចុប្បន្នភាព Google app ទៅជំនាន់ 12.23.16.23.arm64 និង 12.22.8.23 ដោយស្វ័យប្រវត្តិទៅលើទូរសព្ទរបស់ពួកគេ។
អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបន្តថា, ប្រសិនបើលោកអ្នកកំពុងតែមានបញ្ហានេះ លោកអ្នកអាចព្យាយាមបិទបើក (soft reboot) ទូរស័ព្ទដោយចុចនៅលើប៊ូតុងបិទ/បើកឱ្យបានយ៉ាងតិច ២០វិនាទី។ ប៉ុន្តែប្រសិនបើលោកអ្នកនៅតែបន្តមានបញ្ហាទៀតនោះ លោកអ្នកអាចធ្វើបច្ចុប្បន្នភាពកម្មវិធីនេះទៅជំនាន់ដែលចាប់ផ្ដើមជាមួយនឹងលេខ 12.24 ដោយចូលទៅក្នុង Play Store -> ស្វែងរកកម្មវិធី “Google app” ->ចុចលើ Update។
ប្រសិនបើលោកអ្នកពុំឃើញមានប៊ូតុង Update នោះលោកអ្នកត្រូវរង់ចាំប្រហែលបីទៅបួនម៉ោង មុននឹងព្យាយាមចូលទៅធ្វើបច្ចុប្បន្នភាពជាថ្មីម្ដងទៀត៕
ដោយ៖សិលា