ភ្នំពេញ៖ លទ្ធផលជំនួបរវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។
នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១. លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតជូនលោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និង ជម្រាបលា បន្ទាប់ពីបានបញ្ចប់បេសកកម្មការទូតរបស់លោកស្រី។
លោកឧបនាយករដ្ឋមន្ត្រី បានអបអរសាទរលោកជំទាវ ដែលត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានបារាំង និងជាឯកអគ្គរដ្ឋទូតទទួលបន្ទុកបេសកកម្មសម្រាប់សកម្មភាពវប្បធម៌បារាំងនៅក ប្រទេស និងបានជូនពរលោកស្រី សូមទទួលបានជោគជ័យបន្ថែមទៀតក្នុងការបំពេញភារកិច្ចថ្មី។ លោក ឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីការត្រៀមបន្តផ្តល់ការគាំទ្រ និងកិច្ចសហការជិតស្និទ្ធជូនចំពោះឯកអគ្គរដ្ឋទូត បារាំងថ្មី ដែលនឹងចូលកាន់តំណែងក្នុងពេលឆាប់ៗខាងមុខនេះ។
លោកឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធិផលដ៏ល្អ ប្រសើររបស់ លោកស្រីឯកអគ្គរដ្ឋទូត ក្នុងការចូលរួមពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ច សហប្រតិបត្តិការរវាងកម្ពុជា និងបារាំង ក៏ដូចជាការអភិវឌ្ឍនៅកម្ពុជា ក្នុងវិស័យជាច្រើនរួមមាន ពាណិជ្ជកម្ម អប់រំ សុខាភិបាល វប្បធម៌ ការពារជាតិ យុត្តិធម៌ ទឹកស្អាត ថាមពល កសិកម្ម និងអភិវឌ្ឍជនបទ ជាដើម។
លោកស្រីឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះ លោកឧបនាយករដ្ឋមន្ត្រី ផ្ទាល់ ក៏ដូចជាក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថាប័នរដ្ឋគ្រប់ជាន់ថ្នាក់ ដែលបានផ្តល់ការគាំទ្រ និងជួយសម្រួល យ៉ាងពេញទំហឹងដល់បេសកម្មការទូតរបស់លោកជំទាវ នាពេលកន្លងមក។
ទន្ទឹមនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីការត្រៀមខ្លួន ក្នុងការធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី១៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ រធ្វើជា ប្រធានអាស៊ាន នាឆ្នាំ២០២២ ខាងមុខនេះ។
ជាកិច្ចឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូត បានជម្រាបជូនថា ថ្នាក់ដឹកនាំបារាំងមានបំណងអញ្ជើញមកចូលរួម កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣នៅកម្ពុជា។ ទន្ទឹមនេះ លោកស្រីឯកអគ្គរដ្ឋទូត ក៏បានជម្រាបជូន ផងដែរថា ប្រទេសបារាំងនឹងធ្វើជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសហភាពអឺរ៉ុប ចាប់ពីខែមករា ដល់ចុងខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។
ក្នុងន័យនេះ ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន និងក្នុងនាមបារាំងជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសហភាពអឺរ៉ុប នៅក្នុងឆមាសទី១ ឆ្នាំ២០២១ លោកឧបនាយករដ្ឋមន្ត្រី និងលោកស្រីឯកអគ្គរដ្ឋទូត បានយល់ស្របគ្នា ថានឹងធ្វើកិច្ចការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អរវាងអង្គការតំបន់ ទាំងពីរ។
កិច្ចសន្ទនាបានប្រព្រឹត្តទៅក្នុងបរិយាកាសមិត្តភាពកក់ក្ដៅក្រៃលែង ដែលឆ្លុះបញ្ចាំងពីចំណងមិត្តភាពជាយូរលង់រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបារាំង៕
ដោយ៖ សុខ ខេមរា